(ភ្នំពេញ)៖ ផ្ទុះឡកំដៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ មួយកន្លែងគ្មានស្លាកយីហោត្រឹមត្រូវ (មិនមែនជារោងសិប្បកម្មផលិតទឹកស៊ីវអ៊ីវនោះទេ) នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាវេលាថ្ងៃត្រង់ទី៨ ខែមេសា ឆ្នាំ២០១៧នេះ បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៤នាក់ ក្នុងនោះស្រីម្នាក់ ព្រមទាំងខូចខាតសម្ភារមួយចំនួនធំ។

ភ្នាក់ងារ Fresh News ដែលបានចុះទៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងហេតុការណ៍បណ្ដាលឲ្យបុរសជាសន្ដិសុខម្នាក់ ស្លាប់ភា្លមៗនៅកន្លែង និងស្ដ្រីវ័យចំណាស់ ដែលជាអ្នកអនាម័យម្នាក់រងរបួសធ្ងន់ ដោយដាច់ជើងស្ដាំ ហើយស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយឡែកកម្មករ-កម្មការិនី៤នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមសេចក្ដីរាយការណ៍ មូលហេតុដែលនាំឲ្យមានហេតុការណ៍ផ្ទុះឡដ៏រន្ធត់នេះ គេមិនដឹងមូលហេតុច្បាស់នៅឡើយទេ ខណៈពេលនេះ មន្ដ្រីជំនាញកំពុងចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ។

យ៉ាងណាមិញ ពលរដ្ឋមូលដ្ឋានបានឲ្យដឹងដែរថា ទីតាំងរោងចក្រនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យនេះ សុទ្ធតែមិនមានស្លាកយីហោត្រឹមត្រូវនោះទេ ហើយក៏មិនមានគោលការណ៍ច្បាស់លាស់ ចំពោះបុគ្គលិកដែរ។ មួយវិញទៀត ក៏មិនមានមន្ដ្រីជំនាញណា ចុះទៅណែនាំ ឬចាត់វិធានការអ្វីនោះឡើយ។

ជាមួយនឹងហេតុដ៏អាក្រក់នេះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់មន្ដ្រីនៅក្រសួងការងារ មេត្តាចុះទៅពិនិត្យទីតាំងរោងចក្រនៅម្ដុំនោះផង ព្រោះថា កន្លងមកមន្ដ្រីជំនាញហាក់ដូច​ជា ព្រងើយកន្តើយទៅលើការងារនេះណាស់។

សូមបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ ហើយស្ថានភាពផ្ទុះនេះ គឺខ្លាំងមែនទែន រហូតដល់ជញ្ជាំងថ្ម និងស៊ីទ័នជ័រ បែកខ្ទេចតែម្ដង រហូតធ្វើឲ្យបែកកញ្ចក់សណ្ឋាគារមួយនៅក្បែរនោះផងដែរ៕