(ភ្នំពេញ)៖ ថវិកាមនុស្សធម៌ទទួលបានពីការរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ-អង្គរ លើកទី២១ កាលពីខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ត្រូវបានប្រគល់ជូនអង្គការមនុស្សធម៌ និងមន្ទីរពេទ្យកុមារតាមការគ្រោងទុកហើយ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) តំណាងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ។

ប៉ុន្ដែអ្វីដែលជាភាពបំផុត សម្រាប់ការរៀបចំលើកចុងក្រោយ នៃព្រឹត្តិការណ៍កីឡា និងទេសចរណ៍ខាងលើ នៅតំបន់អង្គរ ខេត្តសៀមរាប ឆ្នាំ២០១៦ ដែលមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលរួមជាង ៩ពាន់នាក់នោះ គឺការរកបាននូវថវិកាមនុស្សធម៌រហូតដល់ទៅ ១៣៥,៤០០ដុល្លារអាមេរិក ដែលកើនឡើងជាង ២០០% បើធៀបនឹងការរៀបចំកាលពីឆ្នាំ២០១៥ ដែលទទួលបានថវិកាត្រឹមជាង ៥ម៉ឺនដុល្លារប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ថ្លែងក្នុងពិធីប្រគល់ថវិកាមនុស្សធម៌ដល់អង្គការគោលដៅចំនួន ៩ នៅទីស្នាក់ការ NOCC កាលពីព្រឹកមិញ ។

លោក វ៉ាត់ ចំរើន បានថ្លែងថា កំណើនថវិកាមនុស្សធម៌ដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើ គឺកើតចេញពីការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលកើនឡើងជារៀងរាល់ឆ្នាំ ។ ពិសេសគឺការរួមចំណែកយ៉ាងសំខាន់ពីដៃគូសហការឧបត្ថម្ភតែម្ដង ទើបជំរុញឲ្យព្រឹត្តិការណ៍អន្ដរជាតិនេះទទួលបានជោគជ័យគួរជាទីមោទនៈ ។ ប៉ុន្ដែយ៉ាងណាលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងជនបរទេសចូលរួមគាំទ្រព្រឹត្តិការណ៍ឲ្យបានកាន់តែច្រើន ដើម្បីស្វែងរកថវិកាសប្បុរសធម៌ជួយដល់សង្គម និងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិបន្ថែមទៀត ។

ចំពោះថវិកាប្រគល់ជូនអង្គការមនុស្សធម៌ទាំង ៩ខាងលើវិញ រួមមានអង្គការ Cambodia Trust ចំនួន ២,៦០០ដុល្លារ, អង្គការ Cambodia Disable Artilleties Federation(CDAF) ចំនួន២,៤០០ដុល្លារ, អង្គការ Handicap international Belgium ២,០០០ដុល្លារ ។ រីឯអង្គការ Heart of Gold Project ដែលមានអង្គការចំណុះតូចៗចំនួន ៤ រួមមានអង្គការ Support Disable Athletics ចំនួន ២,៤០០ដុល្លារ, អង្គការ New Child Care Center (NCCC) ២,០០០ដុលា្លរ, អង្គការ Physical Education Project ២,០០0ដុល្លារ និងអង្គការ Youth Development Project ២,០០០ដុល្លារ ។

ដោយឡែកមន្ទីរពេទ្យកុមារអង្គរវិញ គឺទទួលបានច្រើនជាងគេចំនួន ១១០,០០០ដុល្លារ ដោយសារការមើលឃើញពីតម្រូវការដ៏ច្រើននៃមន្ទីរទេព្យកុមារអង្គរ ទើបគណៈកម្មការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះសម្រេចផ្ដល់ជូនថវិកាមនុស្សធម៌ច្រើនជាងគេ ។ ចំណែកកាកបាតក្រហមកម្ពុជា ដែលត្រូវទទួលបានចំនួន ១០,០០០ដុល្លារ នឹងត្រូវផ្ដល់ជូនក្នុងពេលឆាប់ៗខាងមុខ ដោយលោក ថោង ខុន មានគម្រោងជួបផ្ទាល់ជាមួយសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ។ លោក វ៉ាត់ ចំរើន បន្ថែម ។ សរុបថវិកាទាំងអស់មានចំនួន ១៣៥,៤០០ដុល្លារអាមេរិក ៕