(ភ្នំពេញ)៖ ក្រុមហ៊ុន គ្រីឌ ខេមបូឌា ដែលជាអ្នកអភិវឌ្ឍជប៉ុនធំជាងគេបង្អស់ នៅកម្ពុជា បានប្រារព្ធពិធីប្រគល់សំណង់គេហដ្ឋាន ជូនអតិថិជនរបស់ខ្លួន នៅការដ្ឋានសាងសង់បុរី ស្ថិតនៅផ្លូវវត្តតាំងកសាង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចម្ងាយ៣គីឡូម៉ែត្រ ពីព្រលានយន្តហោះពោធិ៍ចិនតុង នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧ នេះ ក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិមកដល់។
ពិធីនេះ បានប្រារព្ធឡើងក្រោមការចូលរួមរបស់លោក អ៊ីគូជិ តាកាស៊ី អគ្គនាយកដ្ឋាន គ្រីឌ ខេមបូឌា, លោក កាតុ ស៊ីជិ នាយកផ្នែកសាងសង់ និងភ្ញៀវកិត្តិយសជាច្រើនទៀត។ បរីមហាសែនសុខ គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទីពីរ របស់ក្រុមហ៊ុនគ្រីឌខេមបូឌា បន្ទាប់ពីគម្រោងខុងដូ បូដាយជូ រ៉េស៊ីដេនស៍។ បុរីមហាសែនសុខ គ្របដណ្តប់លើផ្ទៃដីទំហំប្រហែល១២ហិកតា និងមានផ្ទះល្វែងចំនួន៦៦៥ខ្នង។
លោក អ៉ីគូជិ តាកាស៊ី អគ្គនាយកក្រុមហ៊ុន គ្រីឌ ខេមបូឌា បានបង្ហាញសេចក្តីកោតស្ងប់ស្ងែង ចំពោះអតិថិជនមហាសែនសុខ ដែលបានជឿជាក់ និងគាំទ្រគម្រោងបុរី តាំងពីដើមមក។ ផ្ទះល្វែងទាំងនោះ មានតម្លៃចាប់ពី៤៩,៥០០ដុល្លារឡើងទៅ ថ្មីៗនេះ បុរីមហាសែនសុខ ទទួលបានជោគជ័យលក់ចេញច្រើនដង ៨៥ភាគរយនៃគម្រោងទាំងមូល។ ប្លុកផ្ទះល្វែងដំណាក់កាលដំបូង នឹងអាចឲ្យអតិថិជនចូលរស់នៅ បាននៅក្នុងខែនេះ ចំណែកគម្រោងទាំងមូល រំពឹងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០១៧នេះ។
លោកបានថ្លែងបន្តថា «តាងនាមឲ្យក្រុមហ៊ុន គ្រីឌ ខេមបូឌា យើងសូមថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលបានជាវ និងផ្តល់ទំនុកចិត្តយ៉ាងខ្លាំង មកដល់ក្រុមហ៊ុនខ្ញុំ។ បុរីមហាសែនសុខ នឹងមិនទទួលបានជោគជ័យបែបនេះទេ ប្រសិនបើគ្មានការគាំទ្រពីអតិថិជន របស់យើង»។
ចំណែកឯនាយកផ្នែកសាងសង់ នៃក្រុមហ៊ុន គ្រីឌខេមបូឌា លោក កាតុ ស៊ូជិ បានផ្តល់គំនិតទាក់ទងនឹងចំណុចសំខាន់ នៃបុរីមហាសែនសុខ ដែលជាកត្តាជំរុញឲ្យអតិថិជន ជឿទុកចិត្ត និងជាវគម្រោងបុរី។
លោកបន្តថា បុរីមហាសែនសុខប្រកាន់ភ្ជាប់សសរស្តម្ភបី គឺសុខភាព អេកូឡូស៊ី និងសុវត្ថិភាព។ ផ្នត់គំនិតទាំងនេះ មានសារៈសំខាន់ខ្លាំងចំពោះ ការអភិវៃឌ្ឍលំនៅដ្ឋានជនជាតិជប៉ុន។ លោកបានបន្ថែមពីចំណុចទាក់ទាញ របស់បុរីមហាសែនសុខ រួមមាន ទីធ្លាហាត់ប្រាណដើម្បីសុខភាព ផ្លូវម៉ាស្សាបាតជើង ផ្លូវដើមឈើ ប្រព័ន្ធភ្លើងមិនប៉ះពាល់បរិស្ថាន ប្រព័ន្ធពន្លឺព្រះអាទិត្យ និងច្រើនទៀត។
បន្ថែមលើនេះ លោកបានក៏បានសង្កត់ធ្ងន់ លើវត្ថុធាតុដែលយកមកប្រើប្រាស់សាងសង់ផ្ទះ «យើងបានប្រើប្រាស់ ផលិតផលអន្តរជាតិល្បីៗ ដូចជា ឌឺសង់ទ័រ ព្រីភ្លើង កុងតាក់ម៉ាក Schneider តុយោទឹកម៉ាក SCG Elephant ថ្នាំលាបល្បីឈ្មោះ ពីសិង្ហបុរីម៉ាក ICI បេតុងលាយស្រេចស្រ៊ុន ម៉ុង ស៊ីម៉ង់ត៍ ខេស៊ីមិន និងស៊ីម៉ង់ត៍អូដ្ឋផងដែរ»៕