(រតនគីរី)៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី បានស្នើសុំឲ្យលោកគ្រូ អ្នកគ្រូ ជឿទុកចិត្តលើសមត្ថភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យលោកគ្រូ អ្នកគ្រូកុំជឿ លើកាឃោសនា បោកប្រាស់ ញុះញុង និងការបំបែកបំបាក់របស់គណបក្សប្រឆាំង។

ទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឲ្យលោកគ្រូ អ្នកគ្រូ ដែលជាបញ្ញាវ័ន្ទចេះដឹងនៅមូលដ្ឋាន ជួយអប់រំបងប្អូនកូនក្មួយ របស់ យើងជំនាន់ក្រោយ ឲ្យបន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្តេចតេជោនាយរដ្ឋមន្ត្រី បន្តដឹកនាំប្រទេសជាតិ ឲ្យរីកចម្រើនបន្ថែមទៀត និងកសាងប្រវត្តិសាស្ត្រថ្មី នៅប្រទេសកម្ពុជាយើង ពីព្រោះសម្តេចតេជោ គឺជាវីរជនស្នេហាជាតិយ៉ាងពិតប្រាកដ។

ការលើកឡើងរបស់លោក លី ធុជ  បានធ្វើឡើងខណៈលោក និងក្រុមការងារ បានអញ្ជើញទៅសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ ចំនួន២០០នាក់ ដែលបង្រៀននៅក្នុងក្រុងបានលុង ខេត្តរតនគិរី ​នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានពាំនាំនូវការសួរសុខទុក្ខ សេចក្តីនឹករលឹក ដ៏ជ្រាលជ្រៅបំផុត ពីសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី បានជម្រាប ដល់លោកគ្រូ អ្នកគ្រូ អំពីការកំពុងខិតខំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាធំៗ មួយចំនួនទៀត ដូចជាបញ្ហាព្រំដែន ដែលបន្សល់ទុកតាំងពីអតីតកាល(ជំនាន់បារាំង)។

ក្នុងពិធីសំណេះសំណាល លោកបានលើកឡើងអំពីការខិតខំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសជាតិ ដូចជា៖
១៖ រំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត ប្រល័យពូជសាសន៍
២៖ ដឹកនាំប្រទេសជាតិចេញពីបាតដៃទទេ និងការហ៊ុព័ទ្ធសេដ្ឋកិច្ច
៣៖ បញ្ចប់សង្គ្រាមស៊ីវិល រវាងខ្មែរ និង ខ្មែរ ធ្វើឲ្យប្រទេសជាតិមានសន្តិភាព តាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី
៤៖ ការអភិវឌ្ឍលើគ្រប់វិស័យ តាមគោលនយោបាយ និងទស្សនវិស័យដ៏ត្រឹមត្រូវបំផុត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី
៥៖ ការយកចិត្តទុកដាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីលើជីវភាពរស់នៅរបស់មន្ត្រីរាជការ តាមរយៈការតំឡើងប្រាក់ខែ និងប្រាកបំណាច់ផ្សេងៗ៕