លោក ម៉ក់ ពេជ្ជរិទ្ធ ប្រាប់ទៅអាជ្ញាធរ ស្វែងយល់សុខទុក្ខរបស់ពលរដ្ឋ និងសំណូមពរនានា នៅតាមមូលដ្ឋាន កាន់តែខ្លាំងឡើង
08-04-2017 11:02
(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានក្រុមការងារចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ ឃុំគគីរ និងឃុំភូមិធំ ស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាប្រជាពលរដ្ឋ ចំនួនពីរភូមិគឺ ភូមិចិនកោះ និងភូមិកោះបៀរ ស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ ចំនួនជិត៦០០គ្រួសារ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់។
លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងថា ក្រុមការងាររបស់លោក ចុះមកសំណេះសំណាលនេះ គឺចង់ដឹងពីទុក្ខលំបាក បងប្អូន ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាក ហើយបានសំណូមពរមកក្រុមការងារ គឺក្រុមការងារ និងជួយដោះស្រាយ។
លោកបានបញ្ជាក់ថា «អ្វីដែលសំខាន់ សូមលោកមេភូមិ ដែលជាសេនាធិការឲ្យក្រុមការងារចុះជួយមូលដ្ឋាន ត្រូវចុះជាប់ជាប្រចាំក្តាប់ព័ត៌មាន ឲ្យបានជាប្រចាំ ហើយរាយការណ៍ពីតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ មកក្រុមការងារដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់ បើមេភូមិមិនរាយការណ៍ តើក្រុមការងារ គណៈពង្រឹងណាដឹង»។
លោកប្រធានក្រុមការងារបានបន្តថា អនុវត្តតាមប្រសាសន៍ ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលតែងតែផ្តាំផ្ញើដល់ក្រុមការងារ ត្រូវចុះតាមមូលដ្ឋាន ដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ មិនឲ្យប្រជាពលរដ្ឋណាម្នាក់ អត់អង្ករច្រកឆ្នាំនោះឡើយ។
ជាមួយគ្នានោះ ក៏មានប្រជាពលរដ្ឋ ឡើងមានសំណូមពរ អំពីទុក្ខលំបាករបស់ពួកគាត់ ដូចជា សុំជួយធ្វើផ្លូវក្នុងភូមិ ប្រជាពលរដ្ឋខ្លះសុំស័ង្កសី, សិស្សសាលា សុំកង់ ដើម្បីជិះជាមធ្យោបាយទៅសាលា, រាល់ទុក្ខលំបាកទាំងអស់នោះ ត្រូវបានលោកប្រធានក្រុមការងារ និងយកសំណើទាំងនេះ ទៅពិនិត្យ និងដោះស្រាយជូន។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ក់ ពេជ្ជរិទ្ធ ក៏ផ្តល់អំណោយជាអង្ករ ក្នុង១គ្រួសារៗ ចំនួន១បាវ គ្រប់ក្រុមគ្រួសារទាំងអស់ផងដែរ៕