(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់នូវ អគារទីបញ្ជាការកងអនុសេនាធំដឹកជញ្ជូនកងទ័ពជើងគោក ដែលអំណោយរបស់យោធាភូមិភាគ៩វៀតណាម។
ពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានការចូលរូមពី លោកឧត្តមសេនីយ៍ត្រី ហ័ន ជៀនថាំង មេបញ្ជាការយោធភូមិភាគទី៩ ទទួលបន្ទុកការងារនយោបាយ កងទ័ពប្រជាជនវៀតណាម ខណៈដែលរូបលោកដឹកនាំគណៈប្រតិភូរបស់យោធភូមិភាគទី៩ វៀតណាមមកកាន់កម្ពុជា។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិនៃកម្ពុជា បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្សរដ្ឋាភិបាល ក្រសួងការពារប្រទេស ពិសេសយោធភូមិភាគទី៩កងទ័ពប្រជាជនវៀតណាម ដែលជានិច្ចជាកាលតែងបានជួយឧបត្ថម្ភទាំងស្មារតី សំភារៈ ថវិកា និងការបណ្តុះធនធានមនុស្ស ដល់កងយោធពលខេមរភូមិន្ទកម្ពុជា រហូតមក។
បើតាមនាយឧត្តមសេនីយ៍ តាមរយៈនៃការជួយរបស់ភាគីមិត្តវៀតណាមដល់កម្ពុជា គឺបានសរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថែមទៀត ពីការពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាលកងទ័ព និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម កាន់តែមានភាពជិតស្និទ្ធិរីកចម្រើន និងរឹងមាំ។
ជាមួយគា្ននោះ លោកឧត្តមសេនីយ៍ត្រី ហ័ន ជៀនថាំង ជំនួសមុខឲ្យរដ្ឋាភិបាល ក្រសួងការពារប្រទេសវៀតណាម ពិសេសមេបញ្ជាការកងយោធភូមិភាគទី៩វៀតណាម បញ្ជាក់ថា រដ្ឋាភិបាលកងទ័ព និងប្រជាជនកម្ពុជា គឺជាមិត្តល្អមិនអាចខ្វះបានឡើយនៅឥណ្ឌូចិន ព្រោះថាប្រទេសទាំងពីរ គឺជាមិត្តដែលធ្លាប់មានប្រពៃណីតស៊ូរំដោះជាតិ ឲ្យរួចផុតពីនឹមអាណានិគមនបរទេស ដូច្នេះបើប្រទេសមិត្តណាមួយជួបនូវការលំបាក់ គឺត្រូវតែជួយមិត្តឲ្យរួចពីភាពក្រីក្រ។ បន្ថែមពីនេះ មេបញ្ជាការ បានថ្លែងនូវការអរគុណចំពោះភាគីមិត្តកម្ពុជា ដែលកន្លងមកបានសហការយ៉ាងល្អ ក្នុងការជួយរុករកអដ្ឋិធាតុទាហានបាត់ខ្លួនវៀតណាម នៅកម្ពុជាក្នុងសម័យសង្គ្រាមនៅកម្ពុជា និងវៀតណាម។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា បានប្រកាសតែងតាំងមុខងារ និងតម្លើងឋានន្តរសក្តិជូនដល់នាយទាហាន ក្នុងបញ្ជាករដ្ឋានកងទ័ពជើងគោកចំនួន២៣រូប ដែលក្នុងនោះ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ សេង សារឺ ពីមុនជានាយរងសេនាធិការកងទ័ពជើងគោក ជាឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក ព្រមទាំងសម្រចតម្លើងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រី១រូប ថ្នាក់វរសេនីយ៍ឯក១០រូប និងថ្នាក់វរសេនីយ៍ទោ១១រូបផងដែរ៕