(ភ្នំពេញ)៖ ក្រុមហ៊ុន អិន.ស៊ី.អិច បានដាក់តាំងបង្ហាញជាផ្លូវការ នូវម៉ូតូម៉ាក ហុងដា Scoopy-I ស៊េរីថ្មីឆ្នាំ២០១៨ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់អតិថិជន ដែលបានបញ្ជាទិញមុន ម៉ូតូស៊េរីថ្មីមួយនេះ មកដល់ទីផ្សារកម្ពុជាហើយ ។

តាមការឲ្យដឹងពីតំណាងក្រុមហ៊ុន ដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA នៅក្រកម្ពុជា នៅក្នុងពិធីតាំងបង្ហាញមុនផ្លូវការ ម៉ូតូម៉ាក ហុងដា Scoopy-I ស៊េរីថ្មីឆ្នាំ២០១៨ នៅថ្ងៃទី០៦ ខែមេសា នៅផ្សារទំនើបAeon បានឲ្យដឹងថា ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់អតិថិជនខ្លួន ក្នុងឧស្សាហកម្មនេះ ក្រុមហ៊ុន អិន.ស៊ី.អិច បានសម្រេចនាំចូលនូវម៉ូតូម៉ាក ហុងដា Scoopy-I ស៊េរីថ្មីឆ្នាំ២០១៨ មកចរាចរលក់ ជាផ្លូវការនៅក្នុងទីផ្សារកម្ពុជា។

លោកបន្តថា ម៉ូតូហុងដា SCOOPY-I ថ្មីនេះ ត្រូវបានរចនាឡើងស្របនឹងយុគសម័យថ្មី ដែលយើងឲ្យឈ្មោះថា «Gen-S» ដែលផ្គុំឡើងដោយពាក្យ Start Smart Style Scoop-I នាំមកនូវភាពទាន់សម័យ ជាមួយជម្រើសពណ៌ដ៏ស្រស់ស្អាតផងដែរ ។ ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាថ្មីៗបន្ថែមនេះ នឹងធ្វើឲ្យមានការចាត់អារម្មណ៍ច្រើន ពីប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺយុវវ័យផ្ទាល់តែម្តង ។

ទន្ទឹមនឹងនោះ លោករំពឹងថា ម៉ូតូហុងដាស៊េរីថ្មីនេះ នឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ហើយអាចចាប់បាននូវចំណែកទីផ្សារច្រើន ពីអ្នកប្រើប្រាស់ផងដែរ ជាមួយនឹងភាពស្រស់ស្អាត ទាន់សម័យ និងច្នៃប្រឌិតខ្ពស់នេះ៕