(ភ្នំពេញ)៖ រឿងក្ដី លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ត្រូវបានពន្យារពេលដោយសារតែអវត្តមានមេធាវី ព្រោះរឿងព្រហ្មទណ្ឌហើយជាបទល្មើសឧក្រិដ្ឋ ត្រូវតែមានវត្តមានមេធាវីដាច់ខាត ពោលគឺមិនមែនមកពីពាក្យសុំពន្យារពេលរបស់ក្រុមមេធាវីនោះទេ, នេះបើតាមការបញ្ជាក់ពី អ្នកនាំពាក្យសាលាឧទ្ធរណ៍។
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ សាលាឧទ្ធរណ៍ សម្រេចពន្យារពេលសវនាការរឿងក្ដីលោក ហុង សុខហួរ ទៅថ្ងៃក្រោយវិញ ដោយសារគ្មានវត្តមានមេធាវី។ មេធាវីមួយរូប ការពារក្ដីលោក ហុង សុខហួរ, លោកស្រី ម៉េង សុភារី គឺបញ្ជាក់ថា ក្រុមមេធាវីបានដាក់ពាក្យសុំពន្យារពេល ដោយសារតែមេធាវីពីររូបផ្សេងទៀតជាប់រវល់។
ពាក់ព័ន្ធបញ្ហានេះ អគ្គលេខាធិការរងសាលាឧទ្ធរណ៍ និងជាអ្នកនាំពាក្យ លោក ទូច ថារិទ្ធិ បញ្ជាក់នៅព្រឹកថ្ងៃទី៨ ខែមេសានេះថា «រឿងក្ដី លោក ហុង សុខហួរ ជម្រះអត់កើតទេ ដោយពុំមានមេធាវី ជនជាប់ចោទចូលរួមនីតិវិធី ហើយមិនអាចជម្រះបានទេក្នុងរឿងព្រហ្មទណ្ឌ»។ លោកបន្ថែមថា ការពន្យារពេលនេះ ពុំមែនមូលហេតុពាក្យសុំពន្យារពេល របស់ក្រុមមេធាវីការពារក្ដីលោក ហុង សុខហួរ ឡើយ។
សូមបញ្ជាក់ថា ក្រមនីតិវិធីព្រហ្មទណ្ឌ ត្រង់មាត្រា៣០១ ចែងថា «ជំនួយពីមេធាវីត្រូវតែមានដាច់ខាតក្នុងករណី បទឧក្រិដ្ឋ»។
គួររំលឹកថា លោក ហុងសុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា៦២៩ មាត្រា៦៣០ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ៕