(ភ្នំពេញ)៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧នេះថា សាលារាជធានីភ្នំពេញ នឹងរៀបចំកម្មវិធី សង្ក្រាន្ដវត្តភ្នំ រយៈពេល៣ថ្ងៃ នៅរម្មណីដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ជាមួយគ្នានោះដែរ សាលារាជធានីភ្នំពេញ សូមអញ្ជើញពុកម៉ែ បងប្អូន ចូលរួមកំសាន្ដសប្បាយទាំងអស់គ្នា នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៧នេះ គេសង្កេតឃើញថា ខុសប្លែកពីឆ្នាំមុនៗ ដោយហេតុថា ឆ្នាំនេះមានរៀបចំ សង្ក្រាន្ដនៅតាមបណ្ដាខេត្ត រាជធានី ប៉ុន្ដែសង្ក្រាន្ដនៅខេត្តសៀមរាប គឺរៀបចំធំជាងខេត្តដទៃផ្សេង។
សូមជម្រាបថា ដើម្បីបង្កើនការប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋ ដែលទៅចូលរួមលេងកម្សាន្ដ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទចំនួន ៧ខ្សែ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការរាយការណ៍ទៅដល់នគរបាល ប្រសិនបើមានហេតុការណ៍អ្វីកើតឡើង លេខទាំងនោះរួមមាន៖ ១១៧, ១១៨, ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤៕