(ភ្នំពេញ)៖ អគ្គនាយកនៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម របស់អង្គការសហប្រជាជាតិ (UNIDO) លោក លី យ៉ុង បានបង្ហាញការគាំទ្រពេញទំហឹងចំពោះការអនុវត្តន៍គោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា ព្រមទាំងបានសន្យាជួយជ្រោមជ្រែងកម្ពុជា ឲ្យការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ទទួលបានជោគជ័យ។
ការបង្ហាញជំហរ គាំទ្រការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម របស់កម្ពុជា របស់លោក លី យ៉ុង បានធ្វើឡើងរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ក្នុងពេលរូបលោកដឹកនាំគណៈប្រតិភូ ចូលជួបសំដែងការគួសម និងពិភាក្សាការងារជាមួយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សា លោកស្រី តឹករ៉េត កំរង បានសម្តែងការគួរសម និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់អង្គការ UNIDO កន្លងមក ជាពិសេសនៅក្នុងក្របខណ្ឌកម្មវិធីអភិវឌ្ឍន៍ពាណិជ្ជកម្ម (TDSP) និងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ។ លោកស្រីបន្ថែមថា កម្ពុជាបាននិងកំពុងស្វែងរកការគាំទ្របន្ថែមទៀត ពីអង្គការ UNIDO ជាពិសេសការអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) សំដៅសម្រេចឲ្យបាននូវសូចនាករ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្ត IDP ពោលគឺការប្រែក្លាយជាប្រទេសមួយ ដែលមានប្រាក់ចំណូលមធ្យមត្រឹមឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅត្រឹមឆ្នាំ២០៥០។
ឆ្លើយតបសំណើនេះ លោក លី យ៉ុង សន្យាបន្តគាំទ្រប្រទេសកម្ពុជា ដើម្បីឲ្យបានសម្រេចនូវគោលដៅ ដែលដាក់ចេញក្នុងយុទ្ធសាស្រ្ត IDP នេះ។
លោក លី យ៉ុង ក៏បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់ការអភិវឌ្ឍន៍វិស័យសហគ្រាខ្នាតតូច និងមធ្យម (SME)។ លោកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យសហគ្រាសខ្នាតតូច និងមធ្យម (SME) ជា ពីតម្រូវការចាំបាច់សម្រាប់គាំទ្រ SMEs របស់ប្រទេសកម្ពុជា ក្នុងការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។
លើសពីនេះទៅទៀត លោកអគ្គនាយក ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព និងគម្រោងថាមពលកកើតឡើងវិញ និងភាពធន់ចំពោះបរិស្ថាន។ លោក លី យ៉ុង ក៏បានគូសបញ្ជាក់ផងដែរថា វិស័យកសិកម្ម ក៏ជាវិស័យមួយមានសារៈសំខាន់ និងចាំបាច់បំផុត មិនអាចខ្វះបានសម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយបរិយាប័ន ដោយបានផ្តោតលើតម្លៃបន្ថែម រួមមានកសិឧស្សាហកម្ម និងការកែច្នៃ៕