(ភ្នំពេញ)៖ យោងតាមការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅថៃ្ងទី០៧ ខែ មេសា ឆ្នាំ២០១៧ ក្រុមការងារចុះត្រួតពិនិត្យរបស់នាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយមួយចំនួនមានទីតាំងនៅតាមដងផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងយានយន្តទាំងឡាយ និងទប់ស្កាត់ការកែ្លងបន្លំ។
ការចុះត្រួតពិនិត្យស្ថានីយប្រេតឥន្ធនៈនេះធ្វើឡើងដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ នៅនិងកន្លែង ដូចជាធុងក្រឹតចំនួនមាឌជាក់លាក់សម្រាប់វាស់មាឌប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នា មានចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញ គឺមានឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតានប្រេងសាំង Super (95) និង Regular (92)។
លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ ដែលដឹកនាំការចុះត្រួតពិនិត្យនេះ បានឲ្យដឹងថា លទ្ធផលនៃការត្រួតពិនិត្យគុណភាព ប្រេងឥន្ធនៈរបស់ស្ថានីយមួយចំនួនធំមានអនុលោមភាពផ្នែកបរិមាណ និង គុណភាពប្រេងឥន្ធនៈ ដែលបង្ហាញពីភាពសុចរិតរបស់ក្រុមហ៊ុន ក្នុងសកម្មភាពធុរៈកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់។ ប៉ុន្តែក៏មានសកម្មភាពទុច្ចរិតមួយចំនួនតូចដែលជាក់សែ្តងថៃ្ងនេះ ក្រុមការងារបានរកឃើញស្ថានីយមួយដែលបានលក់ប្រេងសាំងធម្មតា(Regular) បន្លំជាប្រេងសាំងស៊ុបពែរ (Super)។
«ក្រុមការងារយើងខ្ញុំបានឲ្យម្ចាស់ស្ថានីយធើ្វកិច្ចសន្យាបញ្ឈប់ការលក់បន្លំ និងធ្វើការណែនាំដល់ក្រុមហ៊ុន ពីនិតិវិធីរបស់ច្បាប់ ហើយបន្តតាមដានត្រួតពិនិត្យការធើ្វអាជីវកម្មរបស់ម្ចាស់ស្ថានីយនេះ ក្នុងករណីលើកក្រោយម្ចាស់ស្ថានីយមិនរៀងចាល ក្រុមការងារយើងនឹងអនុវត្តតាមនីតិវិធីច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផល ទំនិញ និង សេវា»។ លោក គឿន ភិរុណ គូសបញ្ជាក់បន្ថែម។
លោកអនុប្រធាននាយកដ្ឋាន បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ ក្នុងនាយកដ្ឋាននឹងបន្តធើ្វការត្រួត ពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងប្រទេស តាមលទ្ធភាពដែលអាចធើ្វបាន។
លោកបានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការធើ្វការជាមួយក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីបង្ហាញពីគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ខ្លួនជូនអតិថិជន។
លោក គឿន ភិរុណ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ទាំងអស់មានការប្រុងប្រយ័ត្ន ហើយត្រូវជ្រើសរើសស្ថានីយប្រេងឥន្ធនៈដែលទុកចិត្ត ប្រើប្រាស់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ពិនិត្យមើលលើកុងទ័រចាប់ពីចំណុចសូន្យជានិច្ចមុនពេលចាក់ ហើយតាមដានដំណើរការនៃលេខម៉ូទ័ររហូតដល់ចំនួនលីត្រចុងក្រោយដែលបានស្នើ ព្រោះវាត្រូវសើ្មនឹងតម្លៃប្រេងដែលត្រូវចំណាយ។
លោក គឿន ភិរុណ បានគូសបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋសង្កេតឃើញមានហេតុការណ៍មិនប្រក្រតីកើតឡើងទាក់ទងពីបរិមាណ និងគុណភាពប្រេងឥន្ធនៈ បានជួបប្រទះក្នុងពេលចូលទៅចាក់ប្រេងឥន្ធនៈនៅក្នុងស្ថានីយណាមួយក្នុងរាជធានីភ្នំពេញ សូមទូរស័ព្ទមកលេខៈ 023 52 11 888៕