(ពិភពលោក)៖ រូបភាព៤ទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាលដែលធ្វើឱ្យពិភពលោក ចងចាំក្នុងចិត្តប្រកបដោយភាពតក់ស្លុតក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ៖ គឺទី១៖ រូបភាពនៃកុមារាកុមារីរត់ប្រសេចប្រសាចគេចចេញពីការ វាយប្រយុទ្ធគ្នាក្នុងសង្គ្រាមរវាងវៀតណាម និងអាមេរិកនៅឥណ្ឌូចិន ទី២៖ រូបភាពនៃការជម្លៀសប្រជាជន ចាស់ក្មេងរាប់លាននាក់ចេញពីទីក្រុងភ្នំពេញពេលរបបខ្មែរក្រហម ឡើងកាន់អំណាចថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ទី៣៖ រូបភាពសាកសពកុមារាជនភៀសខ្លួនដេកស្លាប់នៅលើវាលខ្សាច់ក្រោយពីរត់ភៀសខ្លួនតាម ទូកគេចពីសង្គ្រាម និងទី៤៖ រូបភាព កុមារដែលបានដេកស្លាប់រណូករណែល ខ្លះកំពុងត្រដរខ្យល់រៀបនឹងស្លាប់ដោយសារតែការប្រើប្រាស់អាវុធគីមី នៅក្នុងសង្គ្រាមនៃប្រទេសស៊ីរីប៉ុន្មាន ថ្ងៃកន្លងមកនេះ។
រូបភាពដ៏គួរឱ្យរន្ធត់ មហាសែនតក់ស្លុត សោកសង្រេងទាំងនេះ បានដាស់អារម្មណ៍ មនុស្សជាតិអំពីលទ្ធផលនៃសង្គ្រាមមិនថា ជាសង្គ្រាមស៊ីវិល រវាងជាតិសាសន៍ឯង ឬសង្គ្រាមលោកឡើយ សោកនាដកម្មដ៏មហាធំធេងពិតជាកើតឡើងដោយមិននឹកស្មានដល់។ ប្រជាជនស៊ីរីដែលធ្លាប់តែ សុខសប្បាយ ជួបជុំគ្រួសារ សើចក្អាកក្អាយបានបែកបាក់គ្នា និរាសព្រាត់ប្រាស់ ជួនកាលព្រាត់រស់ព្រាត់ស្លាប់ ឈាមនិងទឹកភ្នែកហូររាល់វិនាទី។ ទីក្រុងដែលឈរត្រឈឹងត្រឈៃ ស្រស់ស្អាត បំភ្លឺដោយភ្លើងពណ៌ល្អស្រស់ទេសចរអាចដើរកម្សាន្ត ប្រែជាដួលរាបស្ទើរដល់ដីដោយសារតែ ការទម្លាក់គ្រាប់បែករបស់ក្រុមសម្ព័ន្ធមិត្ត នៅសល់តែគំនរផេះផង់ ឮតែសំឡេងគ្រាប់កាំភ្លើងតូចធំសំឡេងទម្លាក់គ្រាប់បែក ផ្សែងហុយទ្រលោម បន្សល់ទុកនូវគំនរអគារបាក់បែក សាកសព និងមនុស្សរបួសជាច្រើន និងឮតែសម្រែកយំសោក បរិហារអំពីវិនាសកម្មនៃសង្គ្រាម។
ហេតុអ្វីបានជាសង្គ្រាមកើតឡើងនៅលើទឹកដីដែលពួកគេធ្លាប់រស់នៅដ៏សុខសាន្តដូច្នេះ? ឥឡូវនេះ សូម្បីតែសិទ្ធិសេរីភាពនៃការដើរហើរក៏គ្មាន ព្រោះពោរពេញដោយសមរភូមិ សូម្បីនិយាយពីក្តីសប្បាយរីករាយ ក៏មិនហ៊ាននឹកដល់ព្រោះជុំវិញខ្លួនព័ទ្ធដោយកងទ័ព សព្វាវុធគ្រប់ប្រភេទ ត្រៀមធ្វើសង្គ្រាមគ្រប់ពេលវេលា។ មិនហ៊ាននឹកដល់យុត្តិធម៌សង្គម និងសេរីភាពនៃការបញ្ចេញមតិ ព្រោះសូម្បីតែជីវិតរបស់ខ្លួនក៏រក្សាមិនគង់ មិនដឹងថា ត្រូវស្លាប់នៅពេលណាផង ហើយសូម្បីតែទីជម្រកដែលខ្លួនរស់នៅក៏ត្រូវបានកម្ទេចដែរ។ នេះគឺជាលទ្ធផលនៃការផ្លាស់ប្តូរដោយតក់ ក្រហល់ក្រោមឥទ្ធិពលបរទេសនៅពីក្រោយខ្នង។
យុវជន Mouawiya Syasneh ដែលជាសិស្សសាលាស៊ីរី ដែលបានចាប់ផ្តើមចលនាប្រឆាំងលោកប្រធានាធិបតី អាល់ អាសាឌ នៅប្រទេសស៊ីរី មុនគេបង្អស់ នៅឆ្នាំ២០១១ បានឆ្លើយតបនឹងសំណួររបស់អ្នកកាសែត The Daily Telegraph របស់អង់គ្លេសដែលសួរថា បើសិនជាដឹងថាស្ថានភាពប្រទេសខ្លួនដូចបែបនេះ ពួកគេនឹងចាប់ផ្តើមចលនាបះបោរនេះដែរទេ?
យុវជននេះឆ្លើយថា៖ «បើសិនជាខ្ញុំដឹងដូចដែលខ្ញុំដឹងនៅពេលនេះ ខ្ញុំគិតថា ខ្ញុំនឹងមិនធ្វើទេ។ ខ្ញុំមិនបានគិតថា វាដល់ថ្នាក់ហ្នឹងឡើយ។ ខ្ញុំមិនបានគិតថាឪ ពុកខ្ញុំ ហើយនឹងឪពុករបស់កុមាររាប់ពាន់នាក់ទៀតនឹងត្រូវបានសម្លាប់ឡើយ។ ខ្ញុំស្តាយណាស់ដែលមនុស្សស្លូតត្រង់ជាច្រើន ត្រូវស្លាប់យ៉ាងនេះ»។ វិប្បដិសារីនេះមិនមែនមានសម្រាប់តែប្រជាជនស៊ីរីទេ ពលរដ្ឋនៅក្នុងប្រទេសលីប៊ី អេហ្ស៊ីប ទុយនីស៊ី អ៊ីរ៉ាក់ជាដើម ដែលចង់បានការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ ការជ្រៀតជ្រែករបស់បរទេស មានការសោកស្តាយយ៉ាងខ្លាំង ប៉ុន្តែភាពសោកស្តាយនេះមិនអាចជួយឱ្យមាតុភូមិខ្លួនវិលត្រឡប់ទៅរកសភាពដើមវិញឡើយ។ ទោះបីចង់ឱ្យប្រទេសជាទីស្រឡាញ់របស់ខ្លួន និងជីវិតសាច់ញាតិខ្លួនបានវិលមកភាពដើមមកវិញ ក៏ហួសពេលហើយដែរ។ គ្មានពាក្យអ្វីក្រៅពីពាក្យថាសោកស្តាយឡើយ។
នៅកម្ពុជា វិប្បដិសារីរបៀបនេះក៏បានកើតមានឡើងដែរចំពោះមេដឹកនាំរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៧០ នាំយកកម្ពុជាចូលក្នុងសង្គ្រាមឥណ្ឌូចិន និងទាញ ទម្លាក់កម្ពុជាចូលក្នុងសង្គ្រាមស៊ីវិលជិតបីទសវត្សរ៍។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលជាអ្នកផ្តួចផ្តើម ធ្វើរដ្ឋប្រហារជាមួយសេនាប្រមុខ លន់ នល់ បានសរសេរលិខិតឆ្លើយតបទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិក ដែលចង់សង្គ្រោះជីវិតព្រះអង្គ និងចង់ឱ្យនិរទេសទៅកាន់សហរដ្ឋអាមេរិកដូចសេនាប្រមុខ លន់ នល់ ថា៖
«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសារលិខិត ក្នុងការអញ្ជើញនាំខ្ញុំទៅកាន់ប្រទេសឯកឧត្តម ដែលពោរពេញដោយសេរីភាព។ ប៉ុន្តែគួរ ឱ្យសោកស្តាយ ខ្ញុំមិនអាចចាកចេញពីប្រទេសនេះក្នុងស្ថានភាពកំសាកបែបនេះ។ សម្រាប់រូបឯកឧត្តម និងជាពិសេសប្រទេសមហាអំណាច របស់ឯកឧត្តម ខ្ញុំមិនដែលជឿ ក្នុងមួយនាទីណាដែលឯកឧត្តមមានគំនិត បោះបង់ប្រជាជនមួយដែលជ្រើសរើសយកសេរីភាពឡើយ។ ឯកឧត្តមបានបដិសេធមិនផ្តល់ការគាំពារដល់ពួកគេ ហើយយើងក៏មិនអាចធ្វើអ្វីបានដែរចំពោះរឿងនេះ។ ឯកឧត្តមបានចាកចោលពួកយើង ហើយខ្ញុំសូមឱ្យឯកឧត្តម និងប្រទេសម្ចាស់ឯកឧត្តមរស់នៅដោយសេចក្តីសុខ។ ប៉ុន្តែឯកឧត្តមត្រូវចងចាំថា ខ្ញុំសុខចិត្តស្លាប់នៅទីនេះ នៅក្នុងប្រទេសដែលខ្ញុំស្រឡាញ់ វាជារឿង អាក្រក់ណាស់ព្រោះយើងត្រូវកើត និងស្លាប់ថ្ងៃណាចៀសមិនរួច។ ខ្ញុំមានកំហុសតែមួយប៉ុណ្ណោះ គឺជឿជាក់លើឯកឧត្តមដែលជាជនជាតិអាមេរិក»។
មេរៀនប្រវត្តិសាស្ត្រទាំងនេះអាចជាទឡ្ហីករណ៍គ្រប់គ្រាន់ ដែលអាចបញ្ជាក់ប្រាប់មនុស្សជាតិទាំងមូលថា សង្គ្រាមមិនបាននាំមកនូវសេរីភាព យុត្តិធម៌ ការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយក៏គ្មានលទ្ធិប្រជាធិបតេយ្យ គ្មានកន្លែងចន្លោះ សម្រាប់សុភមង្គលសម្រាប់សង្គមជាតិ និងសន្តិសុខផ្លូវកាយ និងផ្លូវចិត្តឡើយ។ សង្គ្រាមមានតែទាញនូវអ្វីៗទាំងអស់ចូលទៅក្នុងភ្នក់ភ្លើង ដុតកម្ទេចបំផ្លាញចោលស្ទើរគ្មានសល់នូវសមិទ្ធផល ដែលមនុស្សរាប់ជំនាន់បានកសាង និងបន្សល់ទុកមកត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ បំផ្លាញពីសន្តិភាពមកអសន្តិសុខទាំងផ្លូវកាយផ្លូវចិត្ត បង្កវិនាសកម្មដល់ជីវិតមនុស្សសត្វ បំផ្លិចបំផ្លាញទ្រព្យសម្បតិ្តដែលយើងមានតែរយៈពេលខ្លី។
កម្ពុជានៅពេលនេះ ទើបនឹងមានសុខសន្តិភាពបានរយៈពេលពីរទសវត្សរ៍ប៉ុណ្ណោះ បន្ទាប់ពីរងគ្រោះ ដោយសារតែសង្គ្រាមបំផ្លិចបំផ្លាញ។ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីសំខាន់ក្នុងការផ្តួលរំលំរបបខ្មែរក្រហម ប៉ុលពត សង្គ្រោះជីវិតប្រជារាស្ត្រ និងបន្ទាប់មកដើរតួនាទីក្នុងការ ចរចាបង្កើតសន្តិភាព រំលាយ អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម។ គណបក្សប្រជាជន បានដើរតួនាទីរបស់អ៊ុនតាក់ ដែលមិនអាច បំពេញបានគឺបញ្ចប់សង្គ្រាមនៅកម្ពុជា ជាមួយការអនុវត្តនយោបាយឈ្នះ-ឈ្នះ។ នយោបាយ ឈ្នះ-ឈ្នះបាននាំមកនូវឯកភាពជាតិ ឯកភាពទឹកដី អធិបតយ្យភាពពេញលេញមួយ និងបានកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជនកម្ពុជា និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។ ទោះបីជាមិនល្អឥតខ្ចោះ ប៉ុន្តែគឺជាដំណើរការផ្លាស់ប្តូរមុខមាត់ប្រទេសមួយ ប្រកបដោយភាពវិជ្ជមានជាមួយកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំជាប់ៗគ្នា ដែលគ្មានប្រទេសណាដូចឡើយ។ គេមិនអាចនិយាយពីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍបាន ឡើយនៅពេលប្រទេស មានសង្គ្រាមហែកហួរ អសន្តិសុខ។
បច្ចុប្បន្ន គណបក្សប្រឆាំងបានប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីបម្រើមហិច្ឆតាអំណាចដោយមិនគិតថាមធ្យោបាយទាំងនោះ បង្កហានិភ័យ ដល់សន្តិភាព ស្ថិរភាព ឯកភាពជាតិឡើយ ខណៈពួក គេមិនបានជួយសង្គ្រោះជាតិដូចឈ្មោះបក្សខ្លួន និងជួយកសាងជាតិដូច គោលនយោបាយខ្លួនឡើយ។ ពួកគេបានប្រើគ្រប់ល្បិចកល ទោះភូតកុហកបោកប្រាស់រាស្ត្រ ឬពឹងពាក់បរទេសដើម្បីជួយខ្លួនពីក្រោយ គឺធ្វើ ទាំងអស់ រាប់ទាំងអំពាវនាវឱ្យមានបដិវត្តន៍ពណ៌ ស្នើសុំអន្តរាគមន៍បរទេស។
បក្សប្រឆាំងបានត្រឹមតែបង្កនូវចលាចលក្នុងសង្គម បាតុកម្មតវ៉ាគ្រប់រូបភាព លាបពណ៌នៅក្នុងចេតនាទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងភ្នក់
ភ្លើងសង្គ្រាមជាថ្មី តាមរយៈការទាមទារការផ្លាស់ប្តូរ ដែលគ្មានទិសដៅច្បាស់លាស់ និងធ្វើតាមខ្សែញាក់របស់បរទេសដែលមិនសប្បាយចិត្ត នឹងកម្ពុជា ដែលមិនស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន មិនចង់ឃើញកម្ពុជាមានសន្តិភាព ការអភិវឌ្ឍ រីកចម្រើន។
តែពួកគេនឹងសប្បាយចិត្តនៅពេលឃើញកម្ពុជាវិលទៅរកអតីតកាលនិងមានភាពច្រំដែលនៃប្រវត្តិសាស្ត្រសន្តិភាពបាន២០ ឬ៣០ឆ្នាំ វិលទៅរក សង្គ្រាមបំផ្លិចបំផ្លាញម្តង និងបំផ្លាញនូវកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់។
សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានដើម្បីការអភិវឌ្ឍប្រទេស។ ពេលមានសន្តិភាព នោះ យើងនឹងអាចចាប់ផ្តើមនិយាយពីសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ ការអភិវឌ្ឍ។ ការប៉ុនប៉ងណាមួយទាញ កម្ពុជាឱ្យចូលក្នុងការផ្លាស់ប្តូរអវិជ្ជមាន ទាញប្រទេសឱ្យចូលភ្នក់ភ្លើងសង្គ្រាម គឺជាសត្រូវរបស់ប្រជាជន។ ការដើរនយោបាយខុស គឺនាំឱ្យរាស្ត្ររងទុក្ខស្លាប់ របួស រត់ចោលប្រទេសកំណើត សុំប្រទេសដទៃជ្រកកោន រស់នៅរងារឯកោ។ ដូច្នេះទោះបីជាក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវរក្សាឱ្យបាននូវសន្តិភាព ហើយប្រវត្តិសាស្ត្របាននិងកំពុងបង្ហាញថា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលអាចធ្វើការងារដ៏លំបាកទាំងអស់នេះបាន ដើម្បីបម្រើផលប្រយោជប្រជាជាតិ និងប្រជាជនខ្មែរ។
ការថែរក្សាបានសន្តិភាពនៅកម្ពុជា គឺប្រៀបបាននឹងការថែទាំស្ថិរភាពតំបន់ និងពិភពលោកផងដែរ។ បក្សប្រឆាំងថាខ្លួនគ្មានអាវុធ កុំទៅឆ្ងល់! ឧទាហរណ៍ជាក់ស្តែង តើបក្សប្រឆាំងនៅស៊ីរីនិងនៅប្រទេសដទៃទៀតដែលមានបដិវត្តន៍ពណ៌ ដំបូងឡើយពួកគេមានអាវុធទេ? គឺគ្មានឡើយ! ប៉ុន្តែនៅពេលដែលបង្កចលាចល អសន្តិសុខនិងបង្កើត សង្គ្រាមបានសម្រេច បរទេសខ្លះរង់ចាំតែផ្គត់ផ្គង់ឱ្យតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា បានថ្លែងថា៖ «ការឈឺចាប់របស់ប្រជាជនយើងល្មមគ្រប់គ្រាន់ ដើម្បីការយល់ដឹងរបស់យើង និងថាយើងត្រូវរក្សាសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន»។
រាស្ត្រខ្មែរមិនត្រូវការសង្គ្រាមឡើយ ហើយក៏មិនចង់ឃើញ រូបភាពនៃសោកនាដកម្ម ការនិរាសព្រាត់ប្រាសការបាត់បង់ជីវិតមនុស្សលើលោកនេះ ទៀតទេ! អ្វីដែលរាស្ត្រខ្មែរប្រាថ្នាគឺសន្តិភាព និងការអភិវឌ្ឍ ឯកភាពជាតិ ឯកភាពទឹកដី ពលរដ្ឋខ្មែរដែលជាឈាមជ័រតែមួយ មានសាមគ្គីភាពនឹងគ្នា រាប់អានគ្នាប្រកបដោយភាតរភាព និងរួមគ្នាថែរក្សាសន្តិភាពដែលរកបានដោយកម្រ និងប្រកបដោយការពលីជីវិតសាច់ស្រស់ ឈាមស្រស់របស់រាស្ត្រខ្មែរ៕
ដោយ៖ ចៅចាក់ស្មុគ