(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលបានរៀបចំកម្មវិធី «កត្តញ្ញូរាត្រី» ក្នុងគោលបំណងរកមូលនិធិ សម្រាប់ជួយគាំពារទៅដល់សិល្បករ សិល្បកានី ជើងចាស់មានវ័យចាស់ជរា និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត ដែលសមាគមបានជួយ ទៅដល់ប្រជាពលរដ្ឋ។
ការថ្លែងគាំទ្ររបស់លោក ហ៊ុន ម៉ាណែត នេះធ្វើឡើងក្នុងកម្មវិធី «កត្តញ្ញូរាត្រី» ដែលរៀបចំឡើងដោយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានអ្នកនាង ចន ចានលក្ខិណា ជាប្រធាន នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់សិល្ប ករសិល្បកានី និងសប្បុរសជនជាច្រើនរូបទៀតផងដែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមធ្វើការកោតសរសើរ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ចំពោះសកម្មភាពមនុស្សធម៌ ដែលសមាគមបានធ្វើ ដើម្បីជួយដល់ប្រជាពលរដ្ឋយើង និងសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមកម្មវិធីជួបជុំនេះ ក្នុងគោលបំណងប្រមូលមូលនិធិ សម្រាប់គាំទ្រដល់សិល្បករជើងចាស់ និងជាសិស្សច្បងក្នុងសិល្បៈខ្មែរ»។
លោកបានបន្ដទៀតថា ឈរលើស្មារតីថែរក្សា និងអភិរក្សវប្បធម៌ អរិយធម៌ខេមរៈជាតិ ក្នុងនាមកូនខ្មែរមួយរូប សូមសម្ដែងនូវទឹកចិត្តកត្តញ្ញូ ចំពោះបុព្វបុរសជាច្រើនជំនាន់ ដែលបានបន្សល់នូវមរតក សិល្បៈវប្បធម៌ខ្មែរដ៏សំបូរបែប សម្រាប់បម្រើដល់ជីវិតកូនខ្មែរគ្រប់រូប។ សិល្បៈ វប្បធម៌ខ្មែរ ដែលពោលពេញដោយភាពវិសេសវិសាល និងការឆ្លុះបញ្ចាំងគំនិតដ៏ខ្ពង់ខ្ពស់ និងអរិយធម៌ដ៏ថ្លៃថ្នូររបស់ពូជសាស្រ្ដខ្មែរ តែងតែស្ថិតជាប់នៅក្នុងខ្លួន របស់ជាតិខ្មែរជានិច្ច ទោះបីជាកូនខ្មែរទៅដល់ទីណាក៏ដោយ។
សូមបញ្ជាក់ថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ និងបានធ្វើសកម្មភាពជាច្រើនដូចជា ការចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក្នុងបណ្តាខណ្ឌមួយចំនួនដូចជា ខណ្ឌជ្រោយចង្វារ ពោធិ៍សែនជ័យចំនួន៣លើក ដែលមានចំនួន១,០០០មួកសុវត្ថិភាព ផលិតជាវីដេអូឃ្លីប អប់រំចំនួន៣ ស្តីពីការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ក្នុងន័យកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងនោះក៏មានសកម្មភាព ជួយសម្រាលបន្ទុកមួយចំនួនតូច របស់សិល្បករ ចាស់ជរា ក្រីក្រ ដូចជា លោកតា ផ្លុង មឿក លោកតាប៉ិគួក តារាកំប្លែងនាយគ្រៀវ លោកគ្រូ នូ ស៊ិប និងភរិយាតារាចម្រៀង រិន សាវ៉េត និងរៀមច្បងសិល្បៈជាច្រើនទៀត។
លើសពីនេះ ក៏មានការរៀបចំបណ្ណាល័យ សម្រាប់សិស្សានុសិស្សបឋមសិក្សា ដែលស្ថិតនៅស្រុក ពោធិ៍រៀង ខេត្តព្រៃវែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។ រៀបចំបាយសាមគ្គី រវាងកីឡាករបាល់ទាត់ កីឡាករប្រដាល់ ជាមួយនឹងមិត្តសិល្បករ ដើម្បីបង្កើតមិត្តភាព និងលើកទឹកចិត្តដល់កីឡាប្រដាល់ខ្មែរ។ ការផ្តល់មេធាវីជូនសិល្បការិនីមួយចំនួន ក្នុងកិច្ចការពារតាមប្រព័ន្ធតុលាការ៕