(ភ្នំពេញ)៖ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសានេះ បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី១១ ឈានដល់ការរកឃើញជ័យលាភី១០នាក់ (TOP-10) ហើយ ខណៈការបោះឆ្នោតជ្រើសរើសយកជ័យលាភី TOP-1 ចាប់ផ្តើមពីថ្ងៃទី៧ ដល់ ទី៩ ខែមេសា ឆ្នាំ២០១៧។
Facebook របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នៅពេលនេះ សាធារណជនអាចបោះឆ្នោតជ្រើសរើស (Like) ជ័យលាភីលេខ១ (Top-1) នៅលើ Facebook សម្តេចតេជោ ជាបន្តទៀត ចាប់ពីថ្ងៃទី៧-៩ ខែមេសា ឆ្នាំ២០១៧ ដែលបិទឈប់នៅម៉ោង៦៖០០ល្ងាច។ សូមសាធារណៈជនចូលរួមបោះឆ្នោតគាំទ្របេក្ខជន ឬបេក្ខនារីគំរូណាមួយ ដែលមានស្នាដៃគម្រូល្អដល់សង្គមជាតិពិតប្រាកដ។ ជូនពរដល់បេក្ខជន និងបេក្ខនារីទទួលជោគជ័យគ្រប់ៗគ្នា!»។
សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» រៀបចំឡើងក្រោមការផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យយុវជនចូលរួមក្នុង កិច្ចការងារសង្គម ជៀសឆ្ងាយអំពើអបាយមុខ និងគ្រឿងញៀនជាដើម។ ម្ចាស់ជយលាភីទាំងអស់ សុទ្ធតែទទួលបានលិខិត សរសើរពីសម្តេចតេជោ រួមទាំងរង្វាន់ផងដែរ៕