(ព្រះវិហារ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី នៅថ្ងៃទី​៧ ខែមេសា ឆ្នាំ២០១៧នេះ បានជូនដំណឹងដល់ ប្រជាពលរដ្ឋណា ដែលបានមកធ្វើស្លាកលេខម៉ូតូហើយ ប៉ុន្តែមិនទាន់ទទួលបានកាតគ្រី លោក​នឹងចាត់ឲ្យមន្រ្តីរបស់លោក ដែលប្រចាំការតាមស្រុក យកទៅប្រគល់ជូនដល់ផ្ទះតែម្ដង។

ការបញ្ជាក់យ៉ាងដូច្នោះរបស់លោក សំ លាងទ្រី ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួម ក្នុងកម្មវិធីទិវាសប្តាហ៍ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០ក្រោមប្រធានបទ «រួមគ្នាគាំទ្រការរឹតបន្តឹង អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក» នៅមន្ទីរសាធារណការខេត្តព្រះវិហារ ក្រោមវត្តមាន អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា និងប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ។

លោក សំ លាងទ្រី បានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុ​ល​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ គឺបានធ្វើការកែប្រែប្រព័ន្ធការងារជាច្រើន ក្នុងន័យធ្វើយ៉ាងណា កុំឲ្យមានការយឺតដល់បងប្អូនប្រជាពលរដ្ឋដូចជា កន្លែងចុះបញ្ជីយានយន្ត​ កន្លែងធ្វើស្លាកលេខ​ កន្លែងប្រឡងយកពាក់មី និងកន្លែងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តជាដើម។

លោកបានគូសបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ ដែលបានមកធ្វើស្លាកលេខម៉ូតូ ប៉ុន្តែមិនទាន់ទទួលបានកាតគ្រី​ លោកនឹងឲ្យមន្ត្រីដែលប្រចាំការ នៅតាមស្រុក យកទៅប្រគល់ជូនដល់ផ្ទះ តែម្តងដោយមិនឲ្យប្រជាពលរដ្ឋ ខាតពេលវេលាដូចមុនៗទៀតទេ។

លោកថា «ក្រោយចូលឆ្នាំប្រពៃណីខ្មែររួច​ យើងនឹងរៀបចំតាមប្រព័ន្ធអនឡាញផ្តល់ភ្លាមៗ ដល់អ្នកដែលមកប្រឡងយកប័ណ្ណបើកបរ​ ពោល គឺបន្ទាប់ពីបានប្រឡងជាប់សំណូរចម្លើយ និងដៃចង្កូតរួច​ យើងនឹងផ្តល់ប័ណ្ណបើកបរជូនភ្លាមៗ តែម្តងដោយមិនបាច់រង់ចាំដូចពេលមុនទៀតទេ​ ចំពោះការធ្វើស្លាកលេខរថយន្តវិញ គឺយ៉ាងយូរយៈពេលមួយសប្តាហ៍​ ចំណែកធ្វើស្លាកម៉ូតូវិញ គឺធ្វើភ្លាមបានភ្លាម»។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានធ្វើការរំលឹកថា បន្ទាប់ពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឃើញថា បងប្អូនប្រជាពលរដ្ឋ លោកមានការភ្ញាក់រលឹកច្រើន​ បានយករថយន្តមកចុះបញ្ជី មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស​ និងសំរុកមកប្រឡងយកប័ណ្ណបើកបរច្រើន​ តែពេលនេះពុំសូវមាននោះទេ​ បានន័យថា គាត់បានធ្វើរួចហើយ​ ប៉ុន្តែទោះជាយ៉ាងណាមុន ឱកាសបុណ្យចូលឆ្នាំមកដល់សូមបងប្អូនត្រូវ យករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសម្តងទៀត មុននិងបើកបរតាមដងផ្លូវ ដើម្បីកាត់បន្ថយ
គ្រោះថ្នាក់ចរាចរណ៍៕