(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ បានចុះសម្ពោធអគារសិក្សា១ខ្នង មាន៦បន្ទប់ នៅអនុវិទ្យាល័យសិរីឧត្តម ស្ថិតក្នុងឃុំពានរោង ស្រុកកញ្ច្រៀច ដែលជាអំណោយរបស់សម្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសមិទ្ធផលមួយចំនួនទៀត។
បើតាមក្រុមការងារ សម្តចក្រឡាហោម ស ខេង បានផ្តល់អំណោយទាំងនេះតាមរយៈ នាយឧត្តមសេនីយ៍ នេត សាវឿន ហើយលោកឧកញ៉ា ហុង ឆាយ ប្រធានសមាគមខ្មែរជួយខ្មែរ នៅសហរដ្ឋអាមេរិក ជាអ្នកទទួលម៉ៅការសាងសង់ តាមរយៈលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធានក្រុមការងារឃុំពានរោង។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានពាំនាំនូវថវិការបស់សម្តេចក្រឡាហោម ស ខេង ក្នុងកម្មវិធីសម្ពោធសមិទ្ធផលនូវ៖
១៖ ប្រគេនព្រះសង្ឃ គណៈកម្មាការអាចារ្យវត្តសេរីឧត្តម ចំនួន ១០,៣៦០,០០០រៀល ដើម្បីកសាងសាលាបុណ្យ។
២៖ ប្រគេនព្រះសង្ឃ គណៈកម្មាការអាចារ្យវត្តព្រៃរូង មានស៊ីម៉ងត៍ចំនួន ២០តោន និងឥដ្ឋចំនួន ២០,០០០ដុំ ដើម្បីកសាងឧបដ្ឋានសាលា។
៣៖ ប្រគេនព្រះសង្ឃ គណៈកម្មការអាចារ្យវត្តព្រះជីរ៍ មានឧបករណ៍ភ្លេងឆៃយ៉ាំ ១ឈុត។
សមិទ្ធផលដែលត្រូវបានប្រកាសឲ្យប្រើប្រាស់នោះ រួមមាន៖
១៖ ធ្វើផ្លូវក្រាលគ្រួសក្រហមប្រវែង ៣,០០០ម៉ែត្រ នៅភូមិព្រៃសំឡាញ និងភូមិត្រពាំងឥដ្ឋ ដែលបានចំណាយថវិកា ១២,០០០,០០០រៀល។
២៖ ជីកស្រះនៅវត្តធម្មរតន៍ ហៅវត្តសង្កែ ចំណាយថវិកា ១៦,០០០,០០០រៀល។
៣៖ កសាប្រាង្គប្រាសាទវត្តធម្មរតន៍ ៦,០០០,០០០រៀល។
៤៖ ចាក់ដីបំពេញទីធ្លារសាលាបឋមសិក្សាសំរោង នៅភូមិសំរោង ៥,០០០,០០០រៀល។
៥៖ ចាក់ដីបំពេញស្រះអនុវិទ្យាល័យព្រហូត ១០០ឡាន និងស្រះនៅភូមិព្រហូត ១,៥០០,០០០រៀល។
៦៖ ប្រគេនស៊ីម៉ងត៍ ២០តោន និងបច្ច័យចំនួន ៩,៦៨០,០០០រៀល ដល់វត្តស្វាយសង្គម កសាងសាលាធម្មសភា ចំណាយថវិកា ១៧,៧៨០,០០០រៀល។
៧៖ ជួសជុលផ្លូវភូមិសំរោង និងភូមិតាគាត់ ចំណាយថវិកា ២,០០០,០០០រៀល។
៨៖ ជួយសង់ថ្លៃបំពេញចាក់ដីបំពេញទីធ្លារសាលាបឋមសិក្សាស្វាយសង្គម ១,៧០០,០០០រៀល។
៩៖ ស្តាប្រឡាយរំដោះទឹកភ្លៀងលិចស្រែប្រជាពលរដ្ឋ ចំណាយថវិកា ១,១០០,០០០រៀល៕