(ភ្នំពេញ)៖ ដោយសារបានមើលឃើញជាក់ថា កំណើនទេសចរជាតិ-អន្តរជាតិ នៅប្រទេសកម្ពុជា មានការកើនឡើង រៀងរាល់ឆ្នាំ ទើបអង្គការអភិវឌ្ឍន៍ ឧស្សាហកម្ម នៃអង្គការសហប្រជាជាតិ បានចូលជួបពិភាក្សាជាមួយភាគីកម្ពុជា ដោយបានបង្ហាញពីឆន្ទៈចង់បណ្តុះបណ្ដាលជំនាញទេសចរណ៍ និងជំនាញពាក់ព័ន្ធបន្ថែម ដល់ប្រជាពលរដ្ឋកម្ពុជា។

ក្រោយជំនួបពិភាក្សាការងាររវាងលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាមួយលោក លី យ៉ុង អគ្គនាយក UNIDO នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ រួចមកលោករដ្ឋលេខាធិការបានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះ UNIDO បានដាក់បញ្ចូលកម្មវិធីជួយ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្នុងនោះមានជួយបណ្ដុះបណ្ដាល ជំនាញ បណ្ដុះបណ្ដាលធនធានមនុស្ស ដែលបម្រើការងារសាធារណៈ និងការងារឯកជនសំខាន់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងការងារ នៃវិស័យទេសចរណ៍»

លោកបន្តថា ចំណុចផ្សេងទៀត អង្គការ UNIDO កំពុងគិតគូអំពីការជួយសម្រួលចង្វាក់ នៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ពោលគឺដើម្បីឲ្យចំណូលដែលបានពីវិស័យទេសចរណ៍ ធ្លាក់ទៅដល់ដៃប្រជាពលរដ្ឋមូលដ្ឋាន និងសហគមន៍ផ្ទាល់។

លោកបានបន្ថែមថា ភាគីទាំងពីរនឹងបង្កើតក្រុមការងាររួមមួយ ដើម្បីពិភាក្សាគ្នា ថាតើគួរជ្រើសរើសវិស័យអាទិភាពណា មកអនុវត្តមុនគេ ដែលការងារទាំងនោះ អង្គការ UNIDO នឹងជួយទំនុកដល់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ឲ្យកាន់តែរីកចម្រើនទៅមុខ។

សូមជម្រាបថា ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិ ជាង៥លាននាក់ កើនឡើង៥% ហើយនៅ២ខែដើម ឆ្នាំ២០១៧នេះ កម្ពុជាក៏ទទួលបានទេសចរអន្តរជាតិ ១,០២៥,៥២១នាក់ កើន១២,១%។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់។ ទាំងនេះហើយ គឺជាអ្វីដែលអង្គការ UNIDO បានមើលឃើញពីសក្ដានុពល និងការរីកចម្រើនលើវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជា៕