(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយនឹងតំណាងក្រុមហ៊ុន ទូរស័ព្ទចល័តចំនួន៥ ដែលកំពុងធ្វើប្រតិបត្តិការ នៅកម្ពុជា ដោយបានស្នើឲ្យក្រុមហ៊ុនទាំងនោះ ផ្ញើសារអប់រំអំពីបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋ តាមទូរស័ព្ទដៃ ដើម្បីឲ្យគាត់បានយល់ដឹងបន្ថែមពីបញ្ហាទាំង២នេះ។
កិច្ចប្រជុំខាងលើនេះ ដឹកនាំដោយលោក ខាយ ឃុនហេង រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយប្រតិបត្តិករទូរស័ព្ទចល័តចំនួន៥រួមមាន៖ ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុនស្មាត ក្រុមហ៊ុនសែលកាត ក្រុមហ៊ុនខែតខុម និងក្រុមហ៊ុនស៊ីតធែល ដែលធ្វើឡើង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលចេញផ្សាយលើ Facebook ផ្លូវការរបស់ខ្លួនបានបញ្ជាក់ថា កិច្ចប្រជុំនោះ ធ្វើឡើងដើម្បីជំរុញការចូលរួម អនុវត្តសកម្មភាព និងគោលនយោបាយ យុទ្ធនាការផ្សព្វផ្សាយប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀនខុសច្បាប់លើកទី១ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់រាជរដ្ឋាភិបាល តាមរយៈសារខ្លីអប់រំក្នុងទូរស័ព្ទដៃ និងដើម្បីចូលរួមទប់ស្កាត់ការបង្កគ្រោះថ្នាក់ ដល់បរិស្ថានសង្គម និងអាយុជីវិតប្រជារាស្រ្តកម្ពុជា ដែលបង្កដោយការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង ការធ្វើចរាចរណ៍តាមដងផ្លូវ ផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
លោក អ៉ឹម វុត្ថា អ្នកនាំពាក្យនិយ័តករ ទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា បន្ទាប់មានសំណើររបស់ក្រសួងទៅកាន់ក្រុមហ៊ុនទូរស័ព្ទទាំងនោះ ពួកគាត់បានបង្ហាញនូវការគាំទ្រ និងអនុវត្តន៍តាមសំណើររបស់ក្រសួង។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា «តាមពិតទៅចំពោះសារ អប់រំពាក់ព័ន្ធនឹងគ្រឿងញៀន ក្រុមហ៊ុនទូរស័ព្ទមួយចំនួន បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋរួចហើយ។ ដោយយុទ្ធនាការ ចាប់ផ្តើមពីខែមករាឆ្នាំ២០១៧ រហូតដល់ ខែមិថុនាឆ្នាំ២០១៧។ ចំពោះសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចាប់ផ្តើមពីពេលនេះតទៅ»៕