(កំពត)៖ ដើម្បីទប់ស្កាត់ទំនិញមានសារធាតុគីមី ដែលចូលមកបំផ្លាញសុខភាពប្រជាពលរដ្ឋកម្ពុជា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូល ខេត្តកំពតប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បាននាំរថយន្តពិសោធន៍ចល័ត ត្រួតពិនិត្យរកឃើញទំនិញមានសារធាតុគីមីជាច្រើន និងដកហូតយកទាំងអស់ ដើម្បីយកទៅដុតចោលនៅពេលក្រោយ។

ទំនិញទាំងនោះរួមមាន៖ បន្លែ ផ្លែឈើ និងគ្រឿងបរិភោគនានា ចំនួន៣៣មុខ ត្រូវបានមន្រ្តីជំនាញយកទៅធ្វើតេស្ត​ពិសោធន៍ភ្លាមៗ និងរកឃើញថា មានជាតិគីមីហាមឃាត់ទៅលើមុខ​ទំនិញចំនួនពីរមុខ។

លោក សៅ រស្មី ប្រធានប៉ុស្តិ៍កាំកុងត្រូលប្រចាំច្រកព្រែកចាក បានឲ្យដឹងថា ការត្រួតពិនិត្យទំនិញស្វែងរកជាតិគីមីនេះ គឺដើម្បីទប់ស្កាត់ទំនិញខូចគុណភាព ទំនិញមានជាតិគីមីហាមឃាត់ ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខផងដែរ។

ប្រធានប៉ុស្តិ៍កាំកុងត្រូលបានបន្តថា កម្លាំងជំនាញបានប្រើរថយន្តពិសោធន៍ចល័ត ក្នុងប្រតិបត្តិការត្រួតពិនិត្យទំនិញនានា ដែលវាមានលទ្ធភាពត្រួតពិនិត្យឃើញជាតិពុល ឬជាតិគីមីភ្លាមតែម្តង ហើយបើប្រភេទបន្លែ ផ្លែឈើណា ដែលនាំចូលតាមច្រកនេះ រកឃើញថា មានសារគីមីធាតុហាមឃាត់នោះ ជំនាញកាំកុងត្រូលនឹងរឹបអូសទុក មិនអនុញ្ញាតឲ្យនាំចូលបន្តទៀតឡើយ។

ទន្ទឹមនឹងនេះ លោកបានស្នើយ៉ាងទទូចដល់ក្រុមឈ្មួញ និងអាជីវករទាំងឡាយ មេត្តាឈប់នាំចូលប្រភេទទំនិញ បន្លែ ផ្លែឈើ ដែលមានសារធាតុពុល គួរនាំចូលតែបន្លែ ផ្លែឈើល្អៗ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋទូទៅ៕