Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្ចាស់ដីមានទំនាស់យូរឆ្នាំ ស្នើសុំឧត្តមសេនីយ៍ផ្កាយ៣មួយរូប នៅក្រសួងមហាផ្ទៃ បញ្ឈប់ការកាង​នៅពីក្រោយខ្នង​ជនរំលោភដី

07-04-2017 14:59

(ភ្នំពេញ)៖ នៅក្នុងទំនាស់ដីរាប់ឆ្នាំមកហើយ, លោក វី ណៃ ថ្លែងប្រាប់ឲ្យដឹងថា ទំនាស់ដីធ្លីរបស់គាត់ដោះស្រាយមិនចេញ គឺដោយសារមាន ឧត្តមសេនីយ៍ ផ្កាយ៣មួយរូប នៅក្រសួងមហាផ្ទៃ ជាអ្នកកាងនៅពីក្រោយខ្នង។ លោក​ស្នើសុំឲ្យឧត្តមសេនីយ៍រូបនោះ ដកខ្លួនចេញពីរឿងនេះ ប្រសិនបើមិនចង់ឲ្យមានរឿងដល់ខ្លួន។

ដីដែលមានទំនាស់នោះ ស្ថិតនៅចំណុចភូមិព្រៃគប់ ឃុំប៉ោយប៉ែត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ពាក់ពន្ធនិងដី ១៧ប្លង់ស្មើ១១៩ហិចតា នៅចំណុចភូមិព្រៃគប់ ឃុំប៉ោយប៉ែត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក វី ណៃ ដែលជាម្ចាស់ដីបានរៀបរាប់ប្រាប់យ៉ាងដូច្នេះថា៖ ដីទាំង១១៩ហិចតា ដែលមានទីតាំងនៅភូមិ-ឃុំខាងលើ គឺគាត់បានទិញពីប្រជាពលរដ្ឋដែល រស់នៅចំណុចដីនោះ មានប្លង់ឯកសារត្រឹមត្រូវ តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ លុះមួយរយៈក្រោយមកក៏លេចឈ្មោះ ហង្ស ម៉ៅ ដែលមានមន្ត្រីផ្កាយបី នៅក្រសួងមហាផ្ទៃ១រូប បានកាងនៅពីក្រោយ និងសមគំនិត មកចាប់បុរសម្នាក់ដែលជាកូនចៅរបស់ម្ចាស់ដីគំរាម បើឈ្មោះ វី ណៃ ដែលជាម្ចាស់ដីមិនយកប្លង់ទៅឲ្យឈ្មោះ ហង្ស ម៉ៅ នោះ ពេលនោះ ហង្ស ម៉ៅ បានប្រើមនុស្សម្នាក់ឲ្យទាក់ទងទៅ វី ណៃ ដែលជាម្ចាស់ដី ឲ្យយកប្លង់ដីទាំង ១១៩ហិចតាទៅឲ្យ ហង្ស ម៉ៅ និងបក្ខពួកខាងលើ បើមិនយកទៅឲ្យទេឈ្មោះ ហង្ស ម៉ៅ និងសម្លាប់កូនចៅ ចោល ឮដូចនោះម្ចាស់ដីឈ្មោះ វី ណៃ ដែលមានចិត្តអាណិតកូនចៅក៏ព្រមយកប្លង់ដីទៅជួប ឈ្មោះ ហង្ស ម៉ៅ ដែលការណាត់ ជួបគឺធ្វើឡើង នៅផ្សារតាប់ប្រាយា ក្នុងប្រទេសថៃឯនោះ ពេលទៅជួបបក្ខពួករបស់ឈ្មោះ ហង្ស ម៉ៅ បានទិញស្រាឲ្យ ម្ចាស់ដីផឹក និងបង្ខំឲ្យគាត់ផ្តិតមេដៃ លើក្រដាស៥ច្បាប់ ស្មើ១០សន្លឹក គឺជាលិខិតលក់ និងទិញដីដែលការផ្តិតនោះគឺហង្សម៉ៅ និងមេធាវីមួយរូបមិនបានឲ្យគាត់អាននោះទេ ដោយបង្ខំយកតែម្តង បន្ទាប់ពីផ្តិតហើយឈ្មោះ ហង្ស ម៉ៅ រួមជាមួយបក្ខពួកបានឲ្យលុយទៅ លោក វី ណៃ ចំនួន១៧០០០បាត និង១០០ដុលា្លរ រួចក៏ឈ្មោះ ហង្ស ម៉ៅ ចេញទៅបាត់ទៅ។

ដី១៧ប្លង់ស្មើ១១៩ហិចតាខាងលើត្រូវបានឈ្មោះ វី ណៃ បានអះអាងថា គឺអាជ្ញាធររួមជាមួយប្រជាពលរដ្ឋដែលលក់ឲ្យគាត់ និងរស់នៅទីនោះ ដឹងឮទាំងអស់ថា ពិតជាដីរបស់លោក វី ណៃ ពិតប្រាកដមែន ចំណែក ឈ្មោះ ហង្ស ម៉ៅ និងបក្ខពួក ដែលអះអាងថា ដីខាងលើជារបស់ខ្លួន គឺជាការបោកប្រាស់ទេ។ រាល់ឯកសារ និងការអះអាងរបស់ប្រជាពលរដ្ឋដែលទទួលស្គាលលោក វី ណៃ ជាម្ចាស់ដីគឺពិតប្រាកដព្រោះលោកវីណៃ មានឯកសារត្រឹមត្រូវតាមច្បាប់។ តាមរយៈការអះអាងរបស់លោក វី ណៃ រួមជាមួយឯកសារគ្រប់គ្រាន់ និងការធ្វើសាក្សីរបស់ប្រជាពលរដ្ឋ ជាច្រើនសិបនាក់ នោះបង្ហាញឲ្យឃើញថា លោក វី ណៃ ពិតជាម្ចាស់ដី ១៧ប្លង់ដែលស្មើ ១១៩ ហិចតាពិតប្រាកដមែន ។

ជាចុងក្រោយនេះ សូមបញ្ជាក់ម្តងទៀតចំពោះ មន្ត្រីផ្កាយបី១រូបនៅក្រសួងមហាផ្ទៃ ក៏ដូចជាអតីតភរិយាមន្រ្តីអ្នកមាន អំណាចមួយរូប មេត្តាឈប់កាង និងសមគំនិតជាមួយជនឈ្មោះ ហង្ស ម៉ៅ ដែលជាជនទុច្ចរិត និងកំពុងតែនៅក្រោមការតាមដានរបស់តុលាការទៅ បើមិនចង់មានរឿងដាក់ខ្លួន។

ទោះបីយ៉ាងអង្គភាពយើងខ្ញុំ មិនអាចសុំការបំភ្លឺពីភាគីម្ខាងទៀតឈ្មោះ ហង្ស ម៉ៅ បាននៅឡើយទេ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ៕