(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខមាលភាពជូន ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ មន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំដឹកនាំដោយលោក លិ វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញរបស់អាជីវករ ដែលកំពុងលក់ដូរក្នុងផ្សារកណ្តោរជ្រុំ ក្នុងស្រុកពញាក្រែក និងផ្សារខ្នារ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧។
លោក លិ វុត្ថា បានឲ្យដឹងថា គោលបំណងនៃការចុះអង្កេតនេះ ដោយផ្អែកទៅលើការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍របស់ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក កាំកុងត្រូល បានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ ទូទាំងប្រទេសឲ្យធ្វើការត្រួតពិនិត្យទំនិញ ជាផលិតផលម្ហូបអារហារ តាមទីផ្សារជាប្រចាំ ដើម្បីធានា
សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
លោកប្រធានទីផ្សារ បានឲ្យដឹងទៀតថា ក្នុងការចុះអង្កេតនោះ មន្ត្រីកាំកុងត្រូល ពុំបានប្រទះព្រមទាំងបានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ ឲ្យដាក់តាំងលក់ទំនិញ ដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសបទបញ្ញតិនៃច្បាប់។
ក្នុងនោះផងដែរ ព្រមទាំងធ្វើការបិទស្លាកស្ទីកគ័រ និងបង្ហាញដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋនូវ របៀបមើលថ្ងៃខែកំណត់នៃការបរិច្ឆេទ និងការជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពសម្រាប់ទទួលទាន។
លោក លិ វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានបញ្ជាក់បន្ថែមថា ជាទិសដៅតាមផែនការសកម្មភាព មន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ នឹងខិតខំចុះអង្កេត និងត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ជាប្រចាំ និងធ្វើតេស្តិ៍បឋម ដើម្បីរកសារធាតុគីមីហាមឃាត់នៅលើចំណីអារហារ ព្រមទាំងយកគំរូដែលជាផលិតផល ម្ហូបអារហារដែលមានហានីភ័យខ្ពស់ បញ្ជូនទៅមន្ទីរពិសោធនិ៍ របស់អគ្គនាយកដ្ខានកាំកុងត្រូល ដើម្បីវិភាគថែមទៀត៕