(រតនគីរី)៖ កម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្តរតនគិរី ដឹកនាំដោយលោក ហាក់ ភ័ណ្ឌ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តរនតគិរី បានឡោមព័ទ្ធ និងចូលទៅបង្ក្រាបផ្ទះស្តុកឈើមួយកន្លែង ខាងក្រោយការ៉ាអូខេកាឡាក់ស៊ី២ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបាងសៀក ក្រុងបាងលុង ខេត្តរតនគីរី នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។
បើតាមមន្រ្តីនគរបាល ផ្ទះខាងលើនេះមានម្ចាស់ឈ្មោះ ចែព្រលិត ជាអ្នករកស៊ីឈើដុះស្លែយូរឆ្នាំម្នាក់ ក្នុងខេត្តរតនគីរី ដែលប្រមូលទិញឈើពីតំបន់នានា នៅក្នុងស្រុកលំផាត់ និងស្រុកវើនសៃ ដឹកតាមរថយន្ដសាំយ៉ុង ទៅច្រកព្រំដែនស្រុកអូយ៉ាដាវ លក់ឲ្យឈ្មួញវៀតណាមបន្ត។
មូលហេតុដែលនាំឲ្យមានការចូលឡោមព័ទ្ធនេះ ដោយសារសមត្ថកិច្ចដឹងថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ មានមន្ត្រីសាលាក្រុងបានលុង ចំនួន២នាក់ ម្នាក់ឈ្មោះ កៃ សាវិន និងឈ្មោះ អ៊ុន ស៊ីដេត អភិបាលរងក្រុងបានលុង បានបើកឡានរបស់ខ្លួន ប្រដេញចាប់រថយន្ដដឹកឈើ ផ្អើលពេញក្រុងបានលុង ហើយរថយន្ដដឹកឈើនេះ បានបើកមកទម្លាក់ឈើនៅផ្ទះខាងលើ តែត្រូវដោះលែងវិញជាថ្នូនឹងទឹកប្រាក់ ៣០០០ដុល្លារ។
តែមិនមែនថា បទល្មើសនេះរួចផុតពីសំណាញ់ច្បាប់ជាថ្នូរនឹងលុយប៉ុណ្ណឹងនោះទេ ព្រោះដោយសារនៅថ្ងៃសុក្រនេះ លោក ហាក់ ភ័ណ្ឌ បានកាន់ដីកាតុលាការ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ បើកប្រតិបត្តិការចូលឡោមព័ទ្ធ ផ្ទះស្តុកឈើខាងលើតែម្ដង ហើយខណៈនេះកំពុងឆែកឆេរនៅឡើយ មិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ៕