(កំពង់ឆ្នាំង)៖ លោក ឆាយ វណ្ណា អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិពហុវិស័យ ស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ(OVC) បានលើកឡើងថា មន្រ្តីមន្ទីរ និងការិយាល័យក្រសួងសង្គមកិច្ចស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ មន្រ្តីគ.ក.ន.ក ឲ្យខិតខំបន្តការយកចិត្តដាក់បន្ថែមទៀត លើការងារផ្តល់សេវាដល់កុមារកំព្រា កុមារក្រីក្រ កុមាររងគ្រោះ និងក្រុមគ្រួសារ របស់ពួកគេ នៅតាមសហគមន៍ ដើម្បីឆ្លើយតបសំណូមពរ និងតម្រូវការប្រជាពលរដ្ឋ។

ការលើកឡើងរបស់ លោក ឆាយ វណ្ណា បានធ្វើឡើង ក្នុងឱកាសបើកសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍​ឃុំសង្កាត់ ដើម្បីឆ្លើយតបនឹងតម្រូវការសេវាគាំទ្រដល់កុមារកំព្រា និងកុមារងាយរងគ្រោះ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ទីរួមខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការរៀបចំដោយអង្គការម្លប់ឬស្សី និងក្រុមការងារ ថ្នាក់ជាតិ ពហុវិស័យ ស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ​នៃក្រសួង​សង្គមកិច្ច។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងអជ្ញាធរខេត្ត អ្នកចូលរួមជាមន្ត្រីមន្ទី ការិយាល័យសង្គមកិច្ច ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ មន្រ្តី.ក.ន.ក សរុបចំនួន១០២នាក់ មកពី ៦៩ឃុំ នៃក្រុងស្រុក ទាំង៨ របស់ខេត្តកំពង់ឆ្នាំង។

លោក ឆាយ វណ្ណា បានបន្ថែមឲ្យដឹងថា ក្រសួងសង្គមកិច្ច ក៏បាននិងកំពុងបន្តជំរុញការអនុវត្តគោលនយោបាយស្តីការថែទាំ ជំនួសចំពោះកុមារ​និងបទ​ដ្ឋាន អប្បរមាសម្រាប់ការថែទាំកុមារក្នុងមណ្ឌល ជាពិសេស ការថែទាំជំនួសចំពោះកុមារ នៅតាម សហគមន៍ ឬនៅតាមគ្រួសារ ដើម្បីទប់ស្កាត់​ការងាយបែកបាក់កុមារចេញពីគ្រួសាររបស់ពួកគេ ដែលស្របតាម ផែនការ យុទ្ធសាស្ត្រជាតិ របស់ក្រសួង និងយុទ្ធសាស្ត្រចតុកោណ​របស់រាជរដ្​ឋាភិបាល។

ជាការកត់សំគាល់ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ ខ្ពស់ចំពោះកុមារកំព្រា, កុមារងគ្រោះ, កុមារងាយរងគ្រោះ និងក្រុមគ្រួសារ។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យក្រសួងស្ថាប័នជាតិ អាជ្ញាធររាជធានីខេត្ត សហគមន៍ អង្គការ សមាគមន៍ ពលរដ្ឋគ្រប់រូប ត្រូវបន្តចូល​រួម ជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ពិសេសចាត់វិធានការគ្រប់រូបភាព ដើម្បីលើកកម្ពស់បង្កើតកម្មវិធី កិច្ចគាំពារសង្គម ដែលមានការគិតគូរខ្ពស់លើបញ្ហាកុមារ ពិសេសកុមារដែលកំពុងធ្វើការ ប្រកបដោយគ្រោះថ្នាក់, កុមាអនាថា, កុមារកំព្រា, កុមារពិការ, កុមារក្រីក្រ, កុមារកំពុងរស់នៅជាមួយជំងីអេដស៍ និងក្រុមគ្រួសាររបស់ពួកគេ៕