(កោះកុង)៖ ក្រោមការណែនាំពីថ្នាក់ដឹកនាំ របស់អគ្គនាយដ្ឋានកាំកុងត្រូល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយមន្រ្តីពាណិជ្ជកម្ម មន្ត្រីសាលាក្រុងខេមរភូមិន្ទ និងគណៈកម្មការផ្សារ បានចុះធ្វើការសង្កេត និងត្រួតគុណភាពទំនិញ សុវត្ថិភាពទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជាលទ្ធផលលោកបានបញ្ជាក់ថា «ការចុះពិនិត្យរាល់មុខទំនិញរបស់អាជីវករ ដាក់តាំងលក់នៅក្នុងផ្សារដងទង់នេះ យើងបានធ្វើការរឹបអូសទំនិញ មានលក្ខណៈ មិនប្រក្រតីមួយចំនួន ហួសការបរិច្ឆេទដូចជា៖ កំប៉ុងកំពិត ច្រេសស៊ី កាហ្វេរម៉ាក ញាត់អាន់៣កញ្ចប់ ទឹកម្ទេសចំនួន៣ដប ប្រេងខ្យងរូបខ្យងចំនួន៣ដប ទឹកក្រូចរូបក្រូចយេសចំនួន១យួរ ទឹកដោះគោរូបខ្លាឃ្មុំចំនួន១៨ដប ទឹកក្រូចសាំម៉ារ៉ៃចំនួន០៥កំប៉ុងផងដែរ»។
ការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញរបស់អាជីវករដាក់តាំងលក់នេះលោក ជា នី បានឲ្យដឹងថា ការចុះត្រួតពិនិត្យរាល់មុខទំនិញ ជាគ្រឿងឧបរិភោគបរិភោគ គឺក្នុងគោលបំណងដើម្បីកំណត់រកសូចនករ នៃគ្រោះថ្នាក់ទៅលើទំនិញគ្រឿងឧបភោគ បរិភោគ ដែលមានលក្ខណៈពុំប្រក្រតី ដែលបង្កផលប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ដែលកំពុងដាក់តាំងលក់ នៅលើទីផ្សារជាអាទិ គឺទំនិញដែលផុតំណត់រយៈពេលប្រើប្រាស់ ទំនិញដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ មានចំឡងមេរោគ ខូចគុណភាព និងទំនិញដែលមានលួចដាក់បន្ថែម នូវសារធាតុគីមីដែលហាមឃាត់ជាពិសេស ផ្តោតសំខាន់ទៅលើការនាំចូលបន្លែស្រស់ៗ ទាំងបន្លែ នាំចូលពីប្រទេសជិតខាង និងបន្លែដាំក្នុងស្រុក។ ក្រុមការងារបានណែនាំអំពីលក្ខណៈអនាម័យ នៃការដាក់លក់សាច់មាន់ សាច់ទា សាច់គោជ្រូករួមទាំងផលិតផលម្ហូបអាហារមួយចំនួនទៀត ដែលប្រជាពលរដ្ឋយើងនិយមទទួលទាន ឬប្រើប្រាស់ប្រចាំថ្ងៃ។
លោក ជា នី បានបន្តថា ទន្ទឹងគ្នានេះយើងបានធ្វើការវិភាគទៅលើទំនិញដាក់តាំងលក់ដែលជាម្ហូបអាហារមានដូចជា៖ មឹកស្រស់ បង្គាស្រស់ ដើម្បីស្វែងរកសារធាតុ Formaline និងត្រូវពិនិត្យទៅលើបន្លែស្រស់ ជាពិសេសគ្រឿងលាយស្រាប់ ដើម្បីស្វែងរកសារធាតុម៉្សៅស Sodium hydrosulphite ដែលច្បាប់ហាមឃាត់ដាច់ខាតមិនឲ្យប្រើប្រាស់ ហើយជាលទ្ធផលយើងពុំបានឃើញមានវត្តមាន សារធាតុគីមីទាំងនេះមានប្រើប្រាស់នៅក្នុងមុខទំនិញខាងលើឡើយ។
ជាមួយគ្នានេះលោកប្រធានក៏បានធ្វើការណែនាំដល់អាជីវករ ឲ្យដាក់តាំងលក់តែទំនិញដែលមានគុណភាពល្អ មានសំបកវេចខ្ចប់ត្រឹមត្រូវ និងស្លាកសញ្ញាយីហោឈ្មោះក្រុមហ៊ុន ថ្ងៃខែឆ្នាំផលិតត្រូវត្រូវហើយជាពិសេស មិនត្រូវដាក់តាំងលក់ទំនិញ ហួសការបរច្ឆេទប្រើប្រាស់ គ្មានអនាម័យមានចម្លងមេរោគ ឬសារធាតុគីមីឡើយ។ លោកបន្តថា «យើងត្រូវរួមគ្នាការពារដើម្បីការពារ សុខមាលភាព និងផលប្រយោជនប្រជាពលរដ្ឋយើង ហើយមន្រ្តីកាំកុងត្រូលខេត្តកោះកុង នឹងបន្តចុះធ្វើការត្រួតពិនិត្យតាមដាក់ជាប្រចាំរាល់ខែ ឲ្យស្របតាមផែនការសកម្មភាពយុទ្ធសាស្រ្តរបស់ខ្លួន»៕