(ភ្នំពេញ)៖ លោកនាយឧត្ដមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស បានណែនាំដល់នាយទាហាន និងពលទាហានទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ត្រូវប្រចាំការក្នុងបន្ទាយ ដើម្បីត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ។
លោកនាយឧត្តមសេនីយ៍ថ្លែងបែបនេះ ក្នុងពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និមន្តព្រះសង្ឍ១២០អង្គ រាប់បាតនិងឧទ្ធិសកុសលជូនវិញ្ញាណក្ខន្ធយុទ្ធមិត្ត ដែលបានពលីជីវិតការពារជាតិមាតុភូមិ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាយទាហាន និងពលទាហាន ត្រូវប្រចាំការក្នុងបន្ទាយ ដើម្បីត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ»។
លោកនាយឧត្ដមសេនីយ៍ បានផ្ដាំផ្ញើដល់នាយ និងពលទាហានទាំងអស់ ត្រូវរួបរួមសាមគ្គីផ្សារភ្ជាប់ទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរស់នៅ។ នៅពេលចុះបំពេញបេសកម្ម ត្រូវចាត់ទុកប្រជាពលរដ្ឋ ជាឪពុកម្ដាយ មិនត្រូវបង្កការរំខានប៉ះទង្គិច ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ ជាពិសេសត្រូវខិតខំហាត់ពត់លត់ដំខ្លួន ឱ្យបានល្អឱ្យសាកសម ជាអង្គរក្សរបស់សម្ដេចនាយករដ្ឋមន្រ្តី។
លោកនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រគេនទ័យទានព្រះសង្ឈចំនួន ៨វត្ត ក្នុងមួយវត្តៗ មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកដោះគោ ប៊ីចេង និងបច្ច័យមួយចំនួនផងដែរ៕