(ភ្នំពេញ)៖ លោក សួង ម៉េងឡុង តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា​ប្រធាន​ក្រុមការងារយុវជន ក្រសួងសង្គមកិច្ច បានលើកឡើងថា យុវជនដើរតួនាទីសំខាន់ ក្នុងការចែករំលែក បទពិសោធន៍ និងសកម្មភាពមនុស្សធម៌ក្នុងសង្គម ដូចនេះយុវជនត្រូវខិតខំរៀនសូត្រ និងចែករំលែកក្តីស្រឡាញ់ ជូនគ្នាទៅវិញទៅមក ហើយប្រឹងប្រែងធ្វើឲ្យជីវិតរបស់ខ្លួនដើរលើគន្លងនៃភាពត្រឹត្រូវ ចៀសឲ្យឆ្ងាយពី សកម្មភាពបំផ្លាញសង្គម ដូចជាការប្រើប្រាស់គ្រឿនញៀនជាដើម។

លោក សួង​ ម៉េងឡុង បានថ្លែងបែបនេះ ខណៈលោក និងក្រុមការងារយុវជនក្រសួងសង្គមកិច្ច អញ្ជើញចុះ​សំណេះ​សំណាល និងពិសារអាហារសាមគ្គីជាមួយកុមារកំព្រា នៅមណ្ឌលកុមារកំព្រាកូឡាប៤ ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។

ថ្លែងនៅចំពោះមុខកុមារកំព្រាជិត១០០នាក់ស្នាក់នៅ មណ្ឌលកុមារកំព្រា លោក សួង ម៉េងឡុង បានបញ្ជាក់យ៉ាងដូច្នេះថា  «ខ្ញុំសូមឲ្យប្អូនៗ ទាំងអស់ខិតខំរៀនសូត្រ ហើយអនាគតប្អូនៗនឹងល្អតាមរយៈការតស៊ូ បងៗ និងពូៗ នៅទីនេះសុទ្ធតែ​លំបាក ដូចគ្នា អត់មានអ្នកណាកើតមកសូវមាននោះទេ ចឹងត្រូវតែខិតខំប្រឹងប្រែងឡើង ចឹងសង្ឃឹមថា ប្អូនៗរីករាយ​ទទួលយក​នូវអនាគតថ្មី សម្រាប់ជីវិតខ្លួន កុំភ្លេចស្លាប់លោកគ្រូ អ្នកគ្រូ ម្តាយ ឱពុក និងបុគ្គលិកនៅមណ្ឌល​កុមារកំព្រានេះ​ទាំងអស់ ដែលខិតខំជួយថែរក្សាប្អូន និងមើលបីបាច់ថែរក្សា ដូចជាកូនបង្កើត​របស់ខ្លួន សូមផ្តាំផ្ញើផងដែរថា អ្វីដែលជា​ការខុស​ឆ្គង​ក្នុងសង្គម មានគ្រឿងញៀន អបាយមុខផ្សេងៗ សុំជៀសឲ្យឆ្ងាយ ដើម្បីក្លាយជាមនុស្សល្អ ក្លាយខ្លួនជារាជការ ក្លាយខ្លួន​ជាមនុស្សមានមុខមាត់ ក្នុងសង្គមអាចរស់នៅបាន សង្គមទាំងមូលស្វាគមន៍តែមនុស្សល្អនោះទេ អត់អាចស្វាគមន៍​អ្នកមិនល្អបាននោះទេ ឆ្លៀតឱកាស ចូលឆ្នាំប្រពៃណីខ្មែរ បងៗ ទាំងអស់គ្នានេះ បានឆ្លៀតឱកាសផ្តល់ការស្រឡាញ់ ដូចនេះ សុំប្អូនៗទទួលយក និងខិតខំដើម្បីអនាគតខ្លួន»

បន្ថែមពីលើនេះ លោក សួង ម៉េងឡុង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់ ដល់ប្អូនៗកុមារ ព្រោះប្អូនៗជាទំពាងស្នងឫស្សី នឹងជាសសរទ្រូងសម្រាប់ប្រទេសជាតិយ៉ាងសំខាន់ ដែលរាជរដ្ឋាភិបាល បានកំពុងជម្រុញយកចិត្តទុកដាក់លើ វិស័យអប់រំនេះ ដើម្បីឲ្យកម្ពុជាជាប្រទេសមានធនធានមនុស្ស​ប្រកបដោយ​សក្តានុពល ដើម្បីជម្រុញឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរផងដែរ។  

នៅក្នុងពិធីចុះណេះសំណាល និងពិសារអាហារសាមគ្គី នៅថ្ងៃនេះ ក៏មានការសម្តែងរបាំមួយចំនួនពីសំណក់ក្មេងៗកុមារកំព្រាផងដែរ រួមមានរបាំត្រុដិ របាំគោកត្រឡោក របាំកណ្តូបបុកស្រូវ របាំជូនពរជាដើម។ ក្រៅពីនោះ លោក សួង ម៉េងឡុង និងក្រុមការងារយុវជនក្រសួងសង្គមកិច្ច បានចូលរួមឧបត្ថម្ភជាថវិកាមួយចំនួន ក្នុងការទ្រទ្រង់មណ្ឌលកុមារកំព្រា​ និងគ្រឿងឧបភោបរិភោគមួយចំនួនទៀតផងដែរ។

ជាមួយគ្នានោះដែរ លោកស្រី ឡាយ ចន្ធី ប្រធានមណ្ឌល បានឲ្យដឹងថា មណ្ឌលកូឡាប៤ បានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៣មកម៉្លេះ ក្រោមការជួយឧបត្ថម្ភគាំទ្រពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍មួយចំនួនទៀត ។ បច្ចុប្បន្ន មណ្ឌលកុមារកំព្រាកូឡាប៤ មានកុមារកំព្រាចំនួន៩១នាក់កំពុងស្នាក់នៅ ដែលក្នុងបាននឹងកំពុងសិក្សា​នៅថ្នាក់​បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សាផងដែរ ។

ក្នុងឱកាសនោះដែរ តំណាងក្រុមយុវជនក្រសួងសង្គមកិច្ច លោក សួង ម៉េងឡុង បានថ្លែងការជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ជិតឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ សូមឲ្យប្អូនៗ និងក្មួយៗទាំងអស់ មានសំណាងល្អ និងមានអនាគតរុងរឿង៕