(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំដើម្បីរកដំណោះស្រាយ ក្នុងការអភិវឌ្ឍអគារនៅលើអគារប៊ូឌីញ «ស» នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋទាំង៤៩៣គ្រួសារ ដែលកំពុងរស់នៅលើអគារប៊ូឌីញ «ស» បានសម្រេចចិត្តព្រមព្រៀងលក់ទាំងអស់គ្នា ដើម្បីទទួលយកប្រាក់ រួចហើយដើរចេញពីអគារចំណាស់មូយនេះ ប៉ុន្ដែចំពោះតម្លៃវិញ នៅមិនទាន់សម្រេច បាននៅឡើយទេ។
នៅក្នុងការសម្រេចចិត្តលក់របស់ប្រជាពលរដ្ឋទាំង៤៩៣ខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការអភិវឌ្ឍអគារ ប៊ូឌីញ «ស» ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលប្រជុំលេខ៨០៣ ជាន់ទី៨ នៃទីស្ដីការក្រសួង នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ ។
លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា និងក្រុមហ៊ុនជប៉ុន បានដាក់តម្លៃឲ្យ១៣៥០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ ដើម្បីយកទៅពិចារណា ប៉ុន្ដែចំពោះតម្លៃនេះប្រជាពលរដ្ឋនៅទីនោះភាគច្រើនទាមទារ តម្លៃជាង២ពាន់ដុល្លារ ក្នុង១ម៉ែត្រការ៉េ។ ភាពមិនចុះសម្រុងនិងគ្នាបែបនេះ ធ្វើឲ្យកិច្ចប្រជុំទាំងមូល លើកពេលដើម្បីបើកកិច្ចប្រជុំរកដំណោះស្រាយចំពោះតម្លៃនេះ ម្ដងទៀតនៅពេលក្រោយ។
លោកស្រី ឌី សុផាន់ណារ៉ាម៉ានី ដែលជាប្រជាពលរដ្ឋរស់នៅតំបន់អគារប៊ូឌីញ «ស» បានថ្លែងប្រាប់មកក្រុមសារព័ត៌មាន ក្រោយកិច្ចប្រជុំខាងលើនេះឲ្យដឹងថា «ខ្ញុំរស់នៅប៊ូឌីញជាង៣០ឆ្នាំហើយ ទីនេះដូចជា ភូមិកំណើតរបស់ខ្ញុំចឹង ហើយខ្ញុំក៏មិនចង់ចេញពីទីនេះ ដោយទឹកភ្នែក ដូចកន្លែងដ៏ទៃដែល ខ្ញុំចង់ចេញពីទីនេះ ដោយញញឹមទាំងអស់គ្នា ដោយសប្បាយចិត្ត។ ប្រសិនជាយើងលក់ផ្ទះយើងនៅក្នុងក្រុង ហើយយើងទៅទិញនៅឯជាយក្រុងវិញ នៅមិនបានផង ដោយយើងលក់ធ្វើអី»។
ដោយឡែកលោកស្រី ជុំ សុខា ដែលប្រជាពលរដ្ឋរស់នៅតំបន់អគារប៊ូឌីញ «ស» បានលើកឡើងស្រដែងគ្នា និងលោកស្រី ឌី សុផាន់ណារ៉ាម៉ានី ផងដែរថា «ខ្ញុំចង់បានតម្លៃដែលអាចដោះស្រាយ ទៅទិញផ្ទះថ្មីបានជាកន្លែងណាដែលអាច និងសមរម្យនៅបាន។ លោកស្រីថា «តម្លៃប៉ុននឹងខ្ញុំមិនអាចទទួលយកបាននោះ ពីព្រោះដោយសារតែ តម្លៃប៉ុននឹង មិនអាចទៅប្ដូរផ្ទះថ្មីមួយបាន»។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស» នេះ គឺស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត ៣ជាន់កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន ១០% ហើយចាប់ពីជាន់ទី៩ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕