(ភ្នំពេញ)៖ ក្រុមហ៊ុន B.D.R Global Co., Ltd នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទទួលសិទ្ធិចែកចាយផ្ដាច់មុខ ផលិតផលពន្លត់អគ្គិភ័យ «Flamoff» ពីប្រទេសម៉ាឡេស៊ី មកចរាចរលក់នៅលើទីផ្សារប្រទេសកម្ពុជា។ ពិធីចុះកិច្ចព្រមព្រៀម ទទួលសិទ្ធិចែកចាយផ្ដាច់មុខនេះ មានការចូលរួមពីសំណាក់លោក ម៉ម ដារ៉េត អគ្គនាយកក្រុមហ៊ុន B.D.R Global Co., Ltd., លោក Wily Wong អគ្គនាយកក្រុមហ៊ុនផលិតផល Flamoff ប្រចាំនៅប្រទេសម៉ាឡេស៊ី និងមន្រ្តីសមត្ថកិច្ចអង្គភាពពន្លត់អគ្គិភ័យ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់។
លោក ម៉ម ដារ៉េត អគ្គនាយកក្រុមហ៊ុន B.D.R Global Co., Ltd. បានថ្លែងឲ្យដឹងថា ដូចអ្វីដែលយើងទាំងអស់គ្នា បានដឹងហើយថា ស្ទើរតែរាល់ថ្ងៃទៅហើយ ដែលបញ្ហាអគ្គិភ័យ គឺបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលអាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា ភាគីពាក់ព័ន្ធទាំងអស់ បានបង្កើនការប្រុងប្រយ័ត្ន និងការទប់ស្កាត់កាន់តែខ្លាំងជាមុន។ បើទោះបីជាមានការទប់ស្កាត់ និងការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ អគ្គិភ័យបានកើតឡើងដោយកត្តាចៃដន្យ តែងតែកើតមានជារឿយៗ និងមានចំនួនច្រើននៅឡើយ នាពេលបច្ចុប្បន្ននេះ ដោយបានធ្វើឲ្យមានការបាត់បង់ អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិផ្សេងៗ រាប់លានដុល្លារក្នុងមួយឆ្នាំៗ ជាមធ្យមប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអគ្គិភ័យកើតឡើងក្នុងមួយឆ្នាំៗ គឺមានចំនួនជាមធ្យមជាង៥០០លើក។ ដូច្នេះផលិតផលពន្លត់អគ្គិភ័យ ដែលមានប្រសិទ្ធភាព គឺជារឿងចាំបាច់ត្រូវមានទុក សម្រាប់ត្រៀមបង្ការ និងអន្តរាគមន៍ នៅពេលជួបគ្រោះអាសន្ន។
លោកបន្តថា «Flamoff» ជាប្រភេទផលិតផលពន្លត់អគ្គិភ័យ ដ៏មានប្រសិទ្ធភាព ដែលមានដើមកំណើត នៅប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីបង្ហាញវត្តមាន នៅលើទីផ្សាររយៈពេល១០ឆ្នាំកន្លងមកនេះ ផលិតផល «Flamoff» កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នៅបណ្តាប្រទេសចំនួនជាង២០ នៅក្នុងតំបន់អាស៊ី និង អឺរ៉ុប ជាពិសេសនៅក្នុងតំបន់អាស៊ានតែម្តង។ ដោយមានតំរូវការច្រើន រោងចក្រផលិតផលិតផល«Flamoff» បានពង្រីកដល់ប្រទេសចំនួន៣ រួមមាន ម៉ាឡេស៊ី ចិន និងប្រទេសកាហ្សាស្ថាន ជាដើម។
លោកបានសង្កត់ធ្ងន់ថា ងាកមកប្រទេសកម្ពុជាវិញ ទោះបីជាប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ ប៉ុន្តែបញ្ហាអគ្គិភ័យនៅតែកើតឡើង និងបំផ្លាញទ្រព្យសម្បត្តិ និងប៉ះពាល់ដល់អាយុជីវិត ដល់ប្រជាពលរដ្ឋជារឿយៗ។ ក្នុងនោះក៏មានការចាប់អារម្មណ៍ជាច្រើន ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅតំបន់ទីប្រជុំជននានា ទៅលើការត្រៀមបង្ការ និងទប់ទល់ហានិភ័យ ដែលអាចបណ្តាលមកពីអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ។
បច្ចុប្បន្ន តាមការវិភាគផ្នែកទីផ្សារផលិតផល សម្រាប់ការពារនិងពន្លត់អគ្គិភ័យ បាននឹងកំពុងមានតម្រូវការច្រើនឡើងៗ ដោយសារហេតុផលមួយចំនួន រួមមាន ការយល់ដឹងនិងយកចិត្តទុកដាក់ ប្រជាពលរដ្ឋអំពីបញ្ហាទប់ស្កាត់អគ្គិភ័យ កាន់តែមានច្រើនជាងមុន ធ្វើឲ្យពួកគាត់ទិញផលិតផលទាំងនោះ កាន់តែច្រើនដូចគ្នា។ ម្យ៉ាងវិញទៀត ការរីកចម្រើនវិស័យសំណង់ បានធ្វើឲ្យតម្រូវការផលិតផលខាងលើនេះ មានការកើនឡើងខ្លាំង ផងដែរ។
ដោយឡែក លោក Wily Wong អគ្គនាយកក្រុមហ៊ុនផលិតផល «Flamoff» ប្រចាំនៅប្រទេសម៉ាឡេស៊ី ក៏បានថ្លែងឲ្យដឹងថា ក្នុងរយៈកាល១០ឆ្នាំមកនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយយើងអាចមើលឃើញអគារថ្មីៗ ខ្ពស់ៗ ជាច្រើន និងរថយន្តថ្មីរាប់ពាន់គ្រឿង នៅលើដងផ្លូវនានា។ ភ្នំពេញបានក្លាយជាទីក្រុង ដ៏រីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាទីក្រុងពាណិជ្ជកម្ម ប៉ុន្តែបញ្ហាសុវត្ថិភាពអគ្គិភ័យ គួរតែជាផ្នែកមួយយ៉ាងសំខាន់ នៃប្រទេសកំពុងអភិវឌ្ឍ ដែលមានល្បឿនលឿន។
លោកបន្តថា ផលិតផលពន្លត់អគ្គិភ័យ «Flamoff» ចង់ក្លាយជាផ្នែកមួយ នៃការអភិវឌ្ឍប្រទេសកម្ពុជា ដោយយើងនឹងក្លាយជាដៃគូសុវត្ថិភាពពន្លត់អគ្គិភ័យ យ៉ាងមានប្រសិទ្ធភាព និងជាដំណោះស្រាយដ៏ល្អ ពេលមានអាសន្នចំពោះអគ្គិភ័យកើតឡើង ជាយថាហេតុណាមួយ។ ឧបរកណ៍ពន្លត់អគ្គិភ័យ «Flamoff» មានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងមានការរចនាសាមញ្ញបំផុត សម្រាប់មនុស្សទាំងអស់គ្នា ដូចជា កុមារ បុរស ស្រ្តី ជនពិកា និងមនុស្សចាស់ជាដើម។ ដូច្នេះយើងសង្ឃឹមថា ផ្ទះសម្បែង និងរថយន្តទាំងអស់ ត្រូវបានបំពាក់ ការពារដោយផលិតផលពន្លត់អគ្គិភ័យ «Flamoff» ដើម្បីការពារ អាយុជីវិត ទ្រព្យសម្បត្តិ ដែលបានកើតឡើងដោយអគ្គិភ័យ ជាយថាហេតុ។
សូមបញ្ជាក់ថា យោងតាមអង្គភាពពន្លត់អគ្គិភ័យ បានឲ្យដឹងថា អគ្គិភ័យដែលកើតឡើងភាគច្រើន បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដែលមានចំណែកដល់ទៅ ៦០% ហើយបណ្តាលពីការប្រើប្រាស់ ប្រេងឥន្ធនៈ និងហ្គាស មានចំណែក ៣០% និងបណ្តាលមកពីកង្វះការប្រុងប្រយ័ត្ន របស់ប្រជាពលរដ្ឋ ១០%។ ភាគច្រើននៃអគ្គិភ័យ ដែលបានឆាបឆេះដ៏ធ្ងន់ធ្ងរ គឺដំបូងឡើយតែងតែកើតចេញ ពីការឆេះបន្តិចបន្តួច។
បញ្ហាដែលបណ្តាលឲ្យកើតអគ្គិភ័យ ភាគច្រើនកើតឡើង ដោយកត្តាមួយចំនួន ដូចជា ការឆ្លងចរន្តអគ្គិសនី ដោយសារការតចរន្តអគ្គិសនី មិនត្រឹមត្រូវតាមបច្ចេកទេស និងការធ្វេសប្រហែស របស់ប្រជាពលរដ្ឋ ដូចជា ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប និងភ្លើងចង្រ្កានសម្រាប់ចំអិនម្ហូបជាដើម។ ទាំងនេះ គឺបានបង្ហាញថា បញ្ហាអគ្គិភ័យជារឿងសំខាន់ ដែលត្រូវចាប់អារម្មណ៍ និងមិនអាចមើលរំលងបានឡើយ៕