(កំពង់ស្ពឺ)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២១០៧នេះ រួមទាំងនាយទាហាន នាយទាហានរងទាំងអស់ បានជួបជុំ និងសំណេះសំណាលជាបងប្អូនជានិវត្តជន របស់កងរាជអាវុធហត្ថចំនួន២០នាក់ ដែលម្នាក់ៗទទួលបាននូវសម្ភារ និងថវិកាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងខាងមុខនេះដែរ។

ថ្លែងនៅក្នុងឱកាសសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានផ្តាំផ្ញើពីនាយឧត្តម សៅ សុខា អគ្គមេបញ្ចាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមានការយកចិត្តទុកដាក់បំផុតចំពោះនិវត្តជន ដែលពួកគាត់ធ្លាប់បានបូជាសាច់ស្រស់ ឈាមស្រស់ការពារជាតិមាតុភូមិរបស់យើង កាលពីប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ហើយមកដល់ដំណាក់កាលប្រទេសយើង មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ បែរជាយើងមិននឹកនាពួកគាត់មានន័យថា យើងមិននឹកគុណ និងវីរៈភាពនៃការរំដោះជាតិពីរបបផ្តាច់ការ កាប់សម្លាប់ប្រជាជនឯងជាង៣លាននាក់នោះទេ។

លោកឧត្តមសេនីយ៍ត្រីបន្តថា ដោយមើលឃើញចំពោះវីរៈភាពដ៏ក្លាហានឧដុង្គឧត្តមនេះហើយ ទើបជារាល់ឆ្នាំ បញ្ជាការដ្ឋានតែងតែ បានអញ្ជើញបងប្អូនជានិវត្តជន មកជួបជុំសំណេះសំណាល និងសួរសុខទុក្ខ និងទទួលយកភាពចាំបាច់នានា ដែលនិវត្តជនយើងកំពុងជួបការលំបាក មកដោះស្រាយជូនពួកគាត់ក្នុងន័យ មើលថែ និងដោះស្រាយគ្រប់ជំហ៊ានខ្វះខាតទាំងផ្នែកជីវភាព រួមទាំងការរស់នៅរបស់ពួកគាត់ នៅក្នុងមូលដ្ឋានផងដែរ។

លោកមេបញ្ជាការបានថ្លែងទៀតថា គ្រប់សុខ និងទុក្ខរបស់បងប្អូនជានិវត្តជន គឺជាសុខទុក្ខរបស់អង្គភាពកងរាជអាវុធហត្ថទាំងអស់ផងដែរ ក្នុងនាមពួកយើងខ្ញុំ ជាអ្នកបន្តវេនពីបងប្អូននិវត្តជន និងបន្តខិតខំប្រឹងប្រែងការពារ កសាង អភិវឌ្ឍន៍ រួមទាំងការងារ បង្ការ បង្ក្រាប សង្គ្រោះ ជូនដល់សង្គមជាតិទាំងមូល និងរួមគ្នាការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ ឲ្យមានសុវត្តិភាព និងសន្តិភាព ក្នុងខណៈជាទំពាំងស្នងឬស្សី ដែលជាយោធាច្បាប់ និងជាអ្នកអនុវត្តច្បាប់៕