(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ បានសម្រេចបញ្ចេញកម្លាំងនគរបាលចំនួន៦,៣១៨នាក់ ដើម្បីឈរជើងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យអង្គរសង្ក្រាន្ត លើទឹកដីខេត្តសៀមរាប នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ខាងមុខ។
ចំនួនកម្លាំងនគរបាលខាងលើ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ លើការការពារសន្តិសុខ សណ្ដាប់ធ្លាប់ ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនគរបាលជាតិ និងកម្លាំងពាក់ព័ន្ធជាច្រើនផងដែរ។
ក្នុងរបាយការណ៍ដែលដាក់ចូលក្នុងកិច្ចប្រជុំខាងលើ បានបញ្ជាក់ថា «ការប្រើប្រាស់កម្លាំងសរុប និងសមត្ថកិច្ចទទួលខុសត្រូវ ក្នុងថ្ងៃអង្គរសង្ក្រាន្ត មានចំនួន ៦,៣១៨នាក់ ក្នុងនោះរួមមាន ដាក់ឲ្យការពារតំបន់ A ចំនួន៤,១៩៣នាក់, នៅតំបន់ A1 ដែលការពារក្នុង និងជុំវិញកន្លែងប្រារព្ធពិធី នៅក្នុងបរិវេណមុខប្រាសាទអង្គរវត្ត ចំនួន៤៩៦នាក់»។
អគ្គស្នងការនគរបាលជាតិ បានចេញវិធានការការពារមួយចំនួន រួមមាន៖
* ក្ដាប់ជាប់កម្មវិធីនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីម្ចាស់ការទាន់ពេល ក្នុងការរៀបចំផែនការការពារ សមស្របតាមកម្មវិធី និងព្រឹត្តិការណ៍ផ្សេងៗ។
* ការពារសុវត្ថិភាពជូនសម្ដេចតេជោ ឥស្សរជនជាន់ខ្ពស់ និងគណៈប្រតិភូ ក្នុងឱកាសប្រារព្ធពិធី។
* ការពារកន្លែងប្រារព្ធពិធីបុណ្យ និងកន្លែងកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ។
* រៀបចំចាត់តាំងកម្លាំង មធ្យោបាយ ដើម្បីត្រៀមឱកាសអន្តរាគមន៍ ដោះស្រាយសភាពការណ៍ ឬបាតុភាពផ្សេងៗ ដែលកើតមានជាយថាហេតុ ក្នងុឱកាសប្រារព្ធពិធី។
* រៀបចំចាត់តាំកម្លាំង រថយន្តពន្លត់អគ្គិភ័យ ប្រចាំការនៅកន្លែងប្រារព្ធិធីផងដែរ។
សូមជម្រាបថា ដើម្បីបង្កើនការប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋ ដែលទៅចូលរួមលេងកម្សាន្ដ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទចំនួន ៧ខ្សែ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការរាយការណ៍ទៅដល់នគរបាល ប្រសិនបើមានហេតុការណ៍អ្វីកើតឡើង លេខទាំងនោះរួមមាន៖ ១១៧, ១១៨, ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤៕