(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងចិន បានបន្តជួយពលករខ្មែរ៦នាក់ ឲ្យវិលត្រឡប់មកកម្ពុជា វិញដោយសុវត្ថិភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរ ចំនួន៥នាក់រួមមាន ពលករឡ.រ អាយុ២៩ឆ្នាំ, ពលការិនី ក.ស.រ អាយុ២២ឆ្នាំ ដែលជាប្តីប្រពន្ធនឹងគ្នា, ពលករ ផ.ស.ភ អាយុ៣១ឆ្នាំ មកពីស្រុកបវេល ខេត្តបាត់ដំបង, ពលករ ទ.រ.ថ អាយុ២៥ឆ្នាំ មកពីស្រុកបាទី ខេត្តតាកែវ, ពលករ អ.ច.រ អាយុ២៨ឆ្នាំ មកពីស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ពលករទាំង៥នាក់ មានពលករ២រូប បានធ្វើដំណើរមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។ ចំណែកពលករ៣រូបទៀត នឹងធ្វើដំណើរមកដល់កម្ពុជា នៅវេលាម៉ោង១៧៖៣៥នាទីតាមជើងយន្តហោះ MH ២៧១៥។
ចំណែកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន អន្តរាគមន៍ជួយស្រ្តីខ្មែរម្នាក់ឈ្មោះ ព.ស.ម អាយុ២៤ឆ្នាំ មកពីស្រុកស្អាង ខេត្តកណ្តាល ដែលរងគ្រោះដោយការជួញដូរ។ នាងត្រូវបានមេខ្យល់បោកបញ្ឆោតនាំ ធ្វើដំណើរកាត់តាម ប្រទេសវៀតណាម ចូលទៅប្រទេសចិនដោយខុសច្បាប់ ហើយ បានរៀបការជាមួយបុរសជនជាតិចិន នៅខេត្តហូណាន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។ ពលកររូបនេះ បានត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៥៖៣០នាទីរសៀល តាមជើងយន្តហោះK៦៦៦៩៕