(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបញ្ជៀសគ្រោះថ្នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ការអំពាវនាវរបស់លោកអភិបាលខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោករួមជាមួយលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងកម្មវិធីទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១០ ក្រោមប្រធានបទ «រួមគ្នាគាំទ្រការរឹតបន្តឹងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក» នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ។
លោក អ៊ុន ចាន់ដា បានថ្លែងថា ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិរបស់បងប្អូន ប្រជាពលរដ្ឋយើង ដែលករណីនេះកើតឡើងដោយសារការបើកបរខ្វះការប្រុងប្រយត្ន័ ធ្វេសប្រហែសមិនគោរពច្បាប់ចរាចរណ៍។
លោកបន្តថា «ស្របពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង ដែលនិងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅចំនួនតិច ពិសេសត្រូវគោរពនូវសីលធម៌១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ២០១៧»។
លោកអភិបាលខេត្ត ក៏បានសំណូមពរឲ្យបន្តចែកខិតប័ណ្ណ ស្ទីគរ័ដែលពាក់ពន្ធ័ក្នុងន័យអប់រំ អំពីគ្រោះថ្នាក់ចរាចរណ៍បិទលើយានយន្ត ឫតាមរូបភាពផ្សេងៗ ហើយបងប្អូនយើងដែលចូលរួមថ្ងៃនេះ ត្រូវធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យគាត់បានយល់ជ្រួតជ្រាប ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍បន្តទៅទៀត ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
ប្រធានមន្ទីរសាធារណការណ៍ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តព្រះវិហារ លោក សំ លាងទ្រី បានលើកឡើងថា ដើម្បីបញ្ជៀសករណីគ្រោះថ្នាក់ចរាចរណ៍ រាល់អ្នកបើកបរត្រូវធ្វើការប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវគោរពច្បាប់ចរាចរណ៍រាល់ពេលបើកបរ ពិសេសត្រូវត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ។
លោកបន្តថា ក្រោយបុណ្យចូលឆ្នាំរួចមន្ទីរ នឹងរៀបចំឲ្យមានភាពងាយស្រួលដល់បងប្អូន ដែលប្រលងយកប័ណ្ណបើកបរ បានន័យថា មកប្រឡងម្នាក់ ក៏ដោយច្រើនអ្នកក៏ដោយ គឺយើងចេញប័ណ្ណបើកបរឲ្យភ្លាមមិនបាច់រង់ចាំដូចមិននោះទេ ចំពោះការធ្វើស្លាកលេខរថយន្តយ៉ាងយូមួយសប្តាហ៍។ ចំណែកស្លាកខេលេខម៉ូតូវិញ ធ្វើភ្លាមកឹបភ្លាមចំពោះកាតគ្រី និងឲ្យមន្ត្រីប្រចាំការតាមស្រុក យកជូនដល់ផ្ទះទៀតផង៕