(កណ្តាល)៖ ដោយមើលឃើញពីតម្រូវការចាំបាច់ របស់មជ្ឍមណ្ឌលជាតិផ្តល់ឈាមកម្ពុជានោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងក្រោមឱវាទជិត១០០នាក់ ចូលរួមផ្តល់ឈាមនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ក្នុងនោះក៏មានជាតិចិនចំនួន៤នាក់ មកចូលរួមផ្តល់ឈាមផងដែរ។
លោកឧត្តមសេនីយ៍ត្រី បានថ្លែងថា ការបរិច្ចាគឈាមរបស់កងកម្លាំងអាវុធហត្ថ មានជាប្រចាំ និងមានការបរិច្ចាគឈាមច្រើនឡើងៗ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួន ជួបគ្រោះថ្នាក់ចរាចរណ៍ និងអ្នកត្រូវការឈាមនៅក្នុងប្រទេសកម្ពុជា ហើយការបរិច្ចាគឈាមនេះ ចាត់ទុកជាការលះបង់ខ្ពស់មួយរបស់កងកម្លាំងអាវុធហត្ថខេត្តកណ្តាល ដែលមានទឹកចិត្តជួយការបរិច្ចាគឈាម។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងអំណរគុណដល់ កងកម្លាំងអាវុធហត្ថខេត្តកណ្តាល ដែលបានធ្វើការបរិច្ចាគឈាមយ៉ាងច្រើនដល់មជ្ឈមណ្ឌល។ លោកប្រធានក៏បានថ្លែងបញ្ជាក់ថា ការបរិច្ចាគឈាមគឺការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញវាជាសកម្មភាព អាចគឺអាចធ្វើឲ្យយើងក្លាយជាវីរបុរសម្នាក់ ដែលអាចជួយសង្គ្រោះជីវិតមនុស្សបានដល់ទៅ ៣នាក់ ក្នុងឈាមដែលបូមបានមួយប្លោក។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាក់ថា ដោយមានការដឹកនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកនឹងដឹកនាំកម្លាំងអាវុធហត្ថ បន្តចូលរួមជាប្រចាំលើការងារមនុស្សធម៌ និងការជួយសង្គ្រោះប្រជាពលរដ្ឋកាន់តែខ្លាំងឡើងថែមទៀត៕