(រតនគិរី)៖ ថ្លែងក្នុងពិធីអបអរសាទរ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពចរាចរណ៍ ផ្លូវគោកទាំងអស់គ្នា ដើម្បីធានាបាននូវសុវត្ថិភាព និងចៀសផុតពីវិប្បដិសារីទៅថ្ងៃមុខ។
ទោះជាយ៉ាងណាលោកអភិបាលខេត្ត ក៏បានកោតសរសើរនូវកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានយកចិត្តទុកដាក់ រក្សាសុវត្ថិភាពប្រជាពលរដ្ឋ បើទោះបីជាពេលខ្លះត្រូវរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋក៏ដោយនោះ។
ក្នុងពិធីអបអរសាទរទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលធ្វើឡើងក្រោមប្រធានបទ «រួមគ្នាគាំទ្រការរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក» លោកអភិបាលខេត្ត បានស្នើឲ្យកម្លាំងជំនាញទាំងអស់ត្រួតពិនិត្យ គ្រប់មធ្យោបាយ ដឹកជញ្ជូន ដែលខុសលក្ខណៈបច្ចេកទេស រថយន្តដែលដឹកជញ្ជូនលើសទម្ងន់គ្រប់ប្រភេទ ព្រោះវាអាចបង្ករការខូចខាត ដល់ផ្លូវជាតិ និងងាយបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ៕