(ភ្នំពេញ)៖ យុវជនម្នាក់ដោយសារតែខ្លាច ឪពុកម្តាយស្តីបន្ទោសដល់ខ្លួន បន្ទាប់ពីមិត្តភក្តិបានបោកយកម៉ូតូទៅបាត់នោះ ក៏ប្រឌិតរឿងថា ចោរប្លន់នាំឲ្យ សមត្ថកិច្ចនាំគ្នាផ្អើល ទៅជួយអន្តរាគមន៍ភ្លាមៗ នៅល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ប៉ុន្តែក្រោយការសួរនាំ ទើបដឹងថា ជារឿងប្រឌិតសោះ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចតាមផ្លូវបេតុងភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យរូបនេះឈ្មោះយ៉យ រ៉ូយ៉ាល់ អាយុ២០ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅផ្ទះជួល ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
បើតាមលោក ម៉ក់ ហុង មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានមកប្តឹងសមត្ថកិច្ចថា មានចោរប្លន់ម៉ូតូរបស់ខ្លួន។ ដោយមានការ សង្ស័យសមត្ថកិច្ចយើង បានធ្វើការសួរនាំរហូតជនសង្ស័យសារភាពថា ខ្លួនត្រូវបានអ្នកស្គាល់គ្នាបោកយកយកម៉ូតូទៅបាត់ ដោយខ្លាចឪពុកម្តាយស្តីបន្ទោសឲ្យ ក៏បានបំភ្លៃព័ត៌មានថា មានចោរប្លន់ម៉ូតូរបស់ខ្លួនតែម្តង។
បន្ទាប់មកសម្ថកិច្ចយើងបានធ្វើការត្រួតពីនិត្យទឹកនោម របស់ជនសង្ស័យរកសារធាតុញៀន ជាលទ្ធផលជនសង្ស័យ មានសារធាតុញៀន ក្នុងទឹកនោមពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕