(ភ្នំពេញ)៖ សាលាខណ្ឌពោធិ៍សែនជ័យ សហកាជាមួយក្រុមហ៊ុនឯកជននានា បានរៀបចំកម្មវិធីកម្សាន្តសប្បាយរយៈពេល៣ថ្ងៃ ដើម្បីអបអរ សាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពិសេសបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី បានកម្សាន្តសប្បាយមុនពួកគេឈប់ សម្រាប់ទៅកាន់ភូមិកំណើត។ កម្មវិធីកម្សាន្តសប្បាយដែលមានឈ្មោះថា «ដួងតារាសង្រ្កាន្តពោធិ៍សែនជ័យ» នឹងធ្វើឡើងចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពិធីសូត្រមន្តសុំពរជ័យ និងបើកដំណើរការកម្មវិធី «ដួងតារាសង្រ្កាន្តពោធិ៍សែនជ័យ» ត្រូវបានធ្វើឡើងនៅព្រឹកនេះ ដោយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងលោកស្រីឧកញ៉ា លឹម ឈាវហួ ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ អគ្គនាយិកាក្រុមហ៊ុន LCH Investment Group និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ATTWOOD នីហរ័ណ អារហ័ណ។
សូមបញ្ជាក់ថា កម្មវិធីដួងតារាសង្ក្រាន្តពោធិ៍សែនជ័យនេះ ក៏មានការប្រលងប្រជែងជ្រើសរើសដួងតារាសង្ក្រាន្តចំនួន២០នាក់ មានអាយុចាប់ពី៤៧ឆ្នាំឡើងទៅ ដែលមកពីសង្កាត់ទាំង១០ នៅក្នុងខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញផងដែរ។
ជាងនេះទៀតក្នុងកម្មវិធីរយៈពេល៣ថ្ងៃនេះដែរ កម្មករ កម្មារិនី និងប្រជាពលរដ្ឋទូទៅ ក៏បានមកជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តជាច្រើនទៀត រួមនិងការប្រគុំតន្ត្រីដែលមានការចូលរួមពីសិល្បករ សិល្បៈការិនីល្បីៗ ទៀតផង។
លោកស្រីឧកញ៉ា លឹម ឈាវហួ ដែលជាអ្នកឧត្ថម្ភគាំទ្រនៅក្នុងកម្មវិធីនេះ បានថ្លែងថា ការរៀបចំកម្មវិធី «ដួងតារាសង្រ្កាន្តពោធិ៍សែនជ័យ» ក្នុងបំណងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យ ជាពិសេសកម្មករ កម្មការិនី ដែលបម្រើការងារនៅតាមរោងចក្រនានា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មុនពេលពួកគេឈប់សម្រាកទៅលេងនៅស្រុកកំណើតក្នុងពេលបុណ្យចូលឆ្នាំថ្មី។
ក្រុមកម្មករ កម្មការិនី និងប្រជាពលរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះការគិតគូររបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងលោកស្រីឧកញ៉ា លឹម ឈីវ ហួរ ដែលបានរៀបចំកម្មវិធីកម្សាន្តសប្បាយជូនពួកគេ៕