(សៀមរាប)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅជិតផ្សារញ៉ែ ក្រុងសៀមរាប រហូតមកដល់វេលាម៉ោងជាង១១ ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ បានរលត់ទៅវិញទាំងស្រុងហើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ ដោយបញ្ជូនឡានទឹកទៅជាច្រើនគ្រឿង។
មន្រ្តីនគរបាលមូលដ្ឋានក្រុងសៀមរាប បានឲ្យដឹងថា គ្រោះអគ្គិភ័យកើតឡើងនៅផ្ទះប្រជាពលរដ្ឋ ដែលរកស៊ីលក់ធុងហ្គាស់ ហើយមូលហេតុនោះ បណ្តាលមកពីផ្ទុះធុងហ្គាស់តែម្តង។ សម្រាប់ការខូខាតនោះវិញ មិនទាន់ត្រូវបានបញ្ជាក់ពីសមត្ថកិច្ចនោះឡើយ តែផ្ទះរបស់ជនរងគ្រោះ ជាប្រភេទផ្ទះល្វែង បានរងនូវការឆេះយ៉ាងខ្លាំង ដោយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះច្រើនគួរសម។
យ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់សង្គមនេះ សមត្ថកិច្ចអះអាងថា មិនបណ្តាលឲ្យរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាង និងរងគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋណាម្នាក់នោះទេ។ សូមបញ្ជាក់ថា គ្រោះអគ្គិភ័យនេះកើតឡើងជាង១០ព្រឹក រហូតដល់ម៉ោងជាង១១ទើបត្រូវបានពន្លត់ទាំងស្រុង៕