(ភ្នំពេញ)៖ លោកអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានស្នើដល់គណៈបញ្ជាការឯកភាពខណ្ឌទាំង១២ ចាត់វេនប្រចាំការ ដើម្បីរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាជន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងខណៈបងប្អូនប្រជាពលរដ្ឋ ចាកចេញទៅលេងស្រុកកំណើត នៅតាមបណ្តាខេត្តនោះ។
លោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ បានប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត សុំសិរីមង្គល និងវេរចង្ហាន់បិណ្ឌបាត្រប្រគេនដល់ព្រះសង្ឃ០៩អង្គ និងសម្តែងរបាំឌ្រុត ជាការលើករាសីនាំមកនូវសេចក្តីសុខ សប្បាយរុងរឿងគ្រប់ៗគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ គ.ស ២០១៧ ដែលឈានមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ដោយទេវតាឆ្នាំថ្មី ព្រះនាម កិរាមាទេវី ជាបុត្រីទី៤ របស់កបិលមហាព្រហ្ម។
សាលារាជធានីភ្នំពេញ នឹងធ្វើសង្ក្រាន ទទួលទេវតាឆ្នាំថ្មី នៅភ្នំដូនពេញ អមដោយការសម្តែងរបាំប្រជាប្រិយ និងមានអាហារ បង្អែម ជាច្រើនមុខ ដើម្បីអោយយុវជនយើងជំនាន់ក្រោយៗ ចងចាំ ចេះចាំតកូនតចៅ។
ចូលរួមក្នុងពិធីនេះ រួមមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ព្រមទាំងអស់លោកលោកស្រីជាអភិបាលរងរាជធានី អភិបាលខណ្ឌទាំង១២ ចៅសង្កាត់ និងមន្ត្រីការិយាល័យចំណុះ ជំនាញ និងមន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញទាំងអស់ផងដែរ។
ពិធីសូត្រមន្តចម្រើនព្រះបរិត្តទៅតាមប្រពៃណី ព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ដោយសុំឧទ្ទិសកុសលផលបុណ្យប្រកប ដោយក្តីសទ្ធាជ្រះថ្លាជូនចំពោះដួងវិញ្ញាណក្ខន្ធថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានបាត់បង់អាយុជីវិតក្នុងបុព្វហេតុការពារ ប្រទេសជាតិមាតុភូមិ ហើយសុំឲ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះបានរំដោះរួចចាកផុតពីកម្មពៀរវេរាទាំងឡាយ។
បន្ទាប់ពីព្រះសង្ឃសូត្រមន្ត ចំរើនព្រះបរិត្ត រួចហើយ លោកអភិបាលរាជធានី និងភរិយា មន្ត្រីរាជការ ប្រជាពលរដ្ឋ ក៏បានរាប់បាត្រដល់ព្រះសង្ឃ៥៨អង្គ ដើម្បីឧទ្ទិសកុសល អោយមាតាបិតា បុព្វការីជន សាច់សាលោហិត ដែលបាន ចែកឋានទៅ សូមអោយអ្នក ទាំងអស់ រួចចាកផុតទុក្ខ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕