(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៧ គណៈគ្រប់គ្រង​ និងបុគ្គលិក នៃមន្ទីរសំរាកព្យាបាល កម្ពុជា បានរៀបចំ​ការសម្តែងរបាំត្រុត និងមានកម្មវិធីលេងល្បែងប្រជាប្រិយនាពេលល្ងាច​ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណី​ជាតិខែ្មរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា ខាងមុខនេះ។  ក្រុមសិល្បៈដែលបានមកសម្តែងរបាំត្រុតនៅពេលនោះអញ្ជើញ
មកពីសាលាមធ្យមវិចិត្រសិល្បៈ។

របាំត្រុតជារបាំប្រពៃណីមួយដែលជាកេរ្តិ៍ដំណែលមកពីប្រជាជនសម្រែ តាំងពីរាប់ពាន់ឆ្នាំមុននិងមានដើមកំណើត នៅខេត្តសៀមរាប។​ នៅក្នុងយុគសម័យអង្គរ ប្រជាជន បាន សម្តែងរបាំត្រុតនេះថ្វាយព្រះរាជា នាឱកាសបុណ្យចូលឆ្នាំថ្មី និងជាការបញ្ជាក់អំពីការដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីប្រកបដោយសិរីសួស្តីដល់ព្រះមហាក្សត្រផងដែរ ។ ហេតុដូច្នេះហើយ ជារៀងរាល់ឆ្នាំ ជាពិសេសពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ របាំត្រុតតែងតែទៅសំដែងនៅតាមផ្ទះ ឬទីលានវត្តអារាម ដើម្បីកាត់ផ្តាច់នូវឧបទ្រុបចង្រៃឆ្នាំចាស់ ផ្លាស់មកសិរីសួស្តីដល់ឆ្នាំថ្មីរហូតមកដល់ពេលបច្ចុប្បន្ន ។

លោកស្រី សេង ធានី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃមន្ទីរសំរាកព្យាបាល កម្ពុជា បានថ្លែងបញ្ជាក់ថា គណៈគ្រប់គ្រង នៃមន្ទីរសំរាកព្យាបាល កម្ពុជា មានគោលបំណសំខាន់ បី ដែលនាំអោយមានការរៀបចំការសម្តែងរបាំត្រុត និងកម្មវិធី​លេងល្បែង​ប្រជាប្រិយនេះ​ទ្បើង ។ ទី១ គឺដើម្បីលើកកំពស់ និង អភិរក្សកេរ្តិ៍ដំណែលវប្បធម៌ដ៏ផូផង់របស់ដូនតាយើង ដែល​បន្សល់​ទុកតាំងពីបុរាណកាលមក អោយភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកទទួលសេវានៅមន្ទីរ    សំរាកព្យាបាល កម្ពុជា បានទស្សនា និងស្វែងយល់អំពីតំលៃនៃវប្បធម៌ខ្មែរ។ ទី២ ដើម្បីបណ្តេញឧបទ្រុបចង្រៃ និងដើម្បីនាំមកនូវសិរីសួស្តីសំរាប់ឆ្នាំថ្មី​ ជូនដល់អ្នកជម្ងឺ បុគ្គលិក គណៈគ្រប់គ្រង និងប្រជាជនទូទៅ ។ ទី៣ គឺដើម្បីផ្តល់ឱកាសដល់បុគ្គលិកបានចូលរួមកំសាន្ត សប្បាយ ក្រោយការខិតខំបំពេញការងារពេញមួយឆ្នាំ និង បន្តការខិតខំសំរាប់ឆ្នំថ្មី តាមរយៈការចូលរួមលេងល្បែងប្រជាប្រិយ ដែលរួមាន៖ បោះអង្គុញ ចោលឈូង ទាញព្រ័ត លាក់កន្សែង និងវាយក្អមជាដើម ។

លោកស្រី សេង ធានី បានថ្លែងបញ្ជាក់ទៀតថា មន្ទីរសំរាកព្យាបាល កម្ពុជា នឹងបន្តចូលរួមលើកកំពស់ និង អភិរក្សកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតា​ ជារៀងរាល់ឆ្នាំ៕