(ពោធិ៍សាត់)៖ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ នាល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ នៃមន្ទីរផែនការខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកានព្វស័កពស២៥៦១ គស២០១៧ ដែលឈានចូលមកដល់នាពេលខាងមុខនេះ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណមន្ទីរផែនការខេត្ត ដោយបានការចូលរួមពី លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ នៃមន្ទីរផែនការខេត្តយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន អភិបាលខេត្ត បានជម្រាបជូនគណៈប្រតិភូ អំពីស្ថានភាព និងសក្តានុពលសំខាន់ៗរបស់ខេត្ត ដោយបានលើកឡើងថាខេត្តពោធិ៍សាត់ជាខេត្តមួយ ស្ថិតនៅទិសពាយ័ព្យ មានក្រុង១ ស្រុក៥ សង្កាត់៧ ឃុំ៤២ និង៥១១ភូមិ ប្រជាពលរដ្ឋជាង៤៨៦ពាន់នាក់ និងជាង១១១ពាន់គ្រួសារ។ ទូទាំងខេត្តមានផ្ទៃដីជាង១.២៦៩ពាន់ហិកតា ចែកចេញជា៤តំបន់ គឺតំបន់ទំនាបកណ្តាល មានផ្ទៃដីជាង១២៨ពាន់ ហិកតា តំបន់ខ្ពង់រាប មានផ្ទៃដីជាង១៥៩ហិកតា តំបន់ព្រៃភ្នំ មានផ្ទៃដីជាង៨៥៦ហិកតា និងតំបន់បឹងទន្លេសាប មានផ្ទៃដីជាង១២៤ហិកតា។
នៅក្នុងខេត្តបានកសាងនូវសមិទ្ធិផល ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគម និងសំណង់ធារាសាស្ត្រសំខាន់ៗ ដូចជាទំនប់ទី៣ ទំនប់ទី៥ ទំនប់ដំណាក់អំពិល ក៏ដូចជាទំនប់ចារឹក ដែលអាចស្រោចស្រពផលដំណាំកសិកម្ម ទាំងរដូវវស្សា និងរដូវប្រាំង។ ជាងនេះទៅទៀត ក៏នៅមានសក្តានុពលទេសចរណ៍ធម្មជាតិ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តជាច្រើន ដែលអាចទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកលេងកំសាន្តបានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋរស់នៅតំបន់នោះ កាន់តែមានភាពល្អប្រសើរឡើង។
មានប្រសាសន៍សំណេះសំណាល លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃមន្ទីរផែនការខេត្ត ទាំងមន្ត្រីដែលកំពុងបម្រើការងារ និងមន្រ្តីចូលនិវត្តន៍ទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច ជូនជាតិមាតុភូមិតាំងពីបាតដៃទទេ រហូតមានសព្វគ្រប់មកដល់សព្វថ្ងៃ ជាគុណបំណាច់ដ៏ធំធេង របស់រៀមច្បង ទុកសម្រាប់ឱ្យអ្នកជំនាន់ក្រោយ។ លោកលោកស្រី បានដឹងហើយថា ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា បានឆ្លងកាត់ បត់បែនជាច្រើនដំណាក់កាល និងធ្ងន់ធ្ងរបំផុតនោះ នៅក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្ថិតនៅក្នុងគុកឥតជញ្ជាំង អស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
ក្រោយពីថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យសង្គមជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់ទីកន្លែង ធ្វើឱ្យស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ កាន់តែមានភាពប្រសើរឡើងឥតឈប់ឈរ។ យើងជាមន្ត្រីរាជការ ត្រូវទទួលនូវការពិតថា សន្តិភាព ស្ថេរភាព មិនអាចចេះតែធ្វើបាននោះទេ បើគ្មានការដឹកនាំត្រឹមត្រូវ ហេតុនេះត្រូវតែថែរក្សាសុខសន្តិភាពនេះឲ្យបានយូរអង្វែង ព្រោះថាប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់កែសម្រួល គោលនយោបាយជូនចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាបន្តបន្ទាប់ ស្របតាមលទ្ធភាពនៃសេដ្ឋកិច្ចជាតិ។ ទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ បន្តអនុវត្តការងារបម្រើសេវាសាធារណៈ ធ្វើជាសេនាធិការឱ្យថា្នក់ខេត្ត មន្ទីរ អង្គភាព ស្រុក ក្រុង ទៅតាមតួនាទីភារកិច្ចនិងបង្កើនចំណងសាមគ្គីផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធសម្តៅធ្វើយ៉ាងណាឱ្យការងារ ដំណើរការទៅមានភាពរលូន តម្លាភាព និងសូមជូនពរដល់មន្ត្រីរាជការនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សូមបានប្រកបដោយសិរីសួស្តី មហាប្រសើរ ជ័យមង្គលវិបុលសុខគ្រប់ប្រការ។
នៅក្នុងខណៈនោះ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានជូនប័ណ្ណសរសើរអមដោយថវិកាចំនួន ៩ម៉ឺនរៀល និងសារុងចំនួន២ ដល់មន្ត្រីរាជការចូលនិវត្តន៍ចំនួន ១៨នាក់ ដែលមានស្នាដៃល្អក្នុងការបំពេញការងាររយៈពេលកន្លងមក និងប្រគល់កាដូរកន្ត្រកជូនថ្នាក់ដឹកនាំវិញផងដែរ៕