(ព្រះសីហនុ)៖ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវនោះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំងនគរបាល សហការជាមួយកម្លាំងអាវុធហត្ថ បានឆ្មក់ចូលទៅក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដើម្បីធ្វើតេស្តទឹកនោមរកសារធាតុញៀន របស់អ្នកបើករថយន្តកុងតឺន័រ ដែលជាចំណុចដើមទី។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ថា «ថ្ងៃនេះស្នងការរងទទួលផែន ប្រឆាំងបទល្មើស បានដឹកនាំការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពី លោកស្រីព្រះរាជអាជ្ញា បានចុះធ្វើតេស្តស្វែងរកសារធាតុញៀននៅលើតៃកុងបើកបររថយន្តកុងតឺន័រ នៅកំពង់ផែស្វយ័តខេត្ត ដែលជាផ្នែកមួយ នៃការចូលរួមកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ»។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា បន្ទាប់ពីការចុះត្រួតពិនិត្យទៅកម្លាំងសមត្ថកិច្ច រកមិនឃើញអ្នកមានសារធាតុញៀនោះឡើយ នេះដោសារតែពួកគេខ្លះដឹងខ្លួន បានគេចទៅបាត់ពេលកម្លាំងចូលទៅដល់ ដោយឃើញតែរថយន្តប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍បានបញ្ជាក់យ៉ាងដូច្នេះថា «នេះជំហ៊ានទី១ របស់កម្លាំងជំនាញ តែរកមិនឃើញនោះទេ អ្នកដែលមានខ្លួន បានគេចខ្លួនបាត់ នៅសល់តែរថយន្ត តែក្រៅពីពិនិត្យនៅចំណុចដើមទីនេះ យើងនឹងបន្តពិនិត្យនៅតាមដងផ្លូវ (ចល័ត)បន្តទៀត ចឹងពួកគេដែលមានសារធាតុញៀន នឹងមិនអាចគេចនោះទេ»។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ត្រូវបានមន្រ្តីជំនាញលើកឡើងថា គ្រោះថ្នាក់ខ្លះបណ្តាលមកពីអ្នកបើករថយន្តមានសារធាតុញៀន ក្នុងខ្លួន រហូតកម្លាំងសមត្ថកិច្ចរកឃើញប្រដាប់ជក់គ្រឿងញៀន នៅក្នុងកន្លែងបើកទៀតផង ពេលជួបគ្រោះថ្នាក់ម្តងៗ៕