(កំពង់ចាម)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា ទំនិញជាច្រើនរួមមាន ទឹកក្រូច ទឹកដោះគោ និងទំត្រៀបខូចគុណភាព ត្រូវបានអាជីវករយកទៅលក់នៅក្នុងផ្សារធំថ្មី ក្រុងកំពង់ចាម។ បន្ទាប់ពីពិនិត្យឃើញថា ទំនិញទាំងនេះខូចគុណភាព មន្រ្តីជំនាញបានដកហូត យកទៅដុតកម្ទេចចោលផងដែរ។
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារធំថ្មីកំពង់ចាម បានបន្តចុះអង្កេត ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅក្នុងផ្សារធំថ្មីកំពង់ចាម និងផ្ទះលក់ដូរនៅឃុំរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជាលទ្ធផលរកឃើញទឹកក្រូចម៉ាក Fanta ដបធំ ចំនួន១៤ដប និងដបតូចចំនួន១២ដប នំតៀប៣ប្រអប់ ទឹក Spy ចំនួន១៤ដប ទឹកដោះគោក្មេង ម៉ាក Duchtmill ចំនួន៥៨យួរ ដែលខូចគុណភាព។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា «ដោយគិតពីសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលខេត្ត បានយកចិត្តទុកដាក់ បានពិនិត្យតាមផ្ទះ និងតាមផ្សារនិយាយរួម គឺតាមផ្សារនានា នៃខេត្តកំពង់ចាមតែម្តង ហើយជាលទ្ធផល យើងបានរកឃើញទំនិញ មួយចំនួនខូចគុណភាព។ យើងបានធ្វើកំណត់ហេតុ ដកហូតយកទៅដុតកម្ទេចចោលផងដែរ»។
ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ចាម ក៏បានធ្វើការអប់រំ ដល់អាជីវករលក់ដូរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទំនិញរបស់ខ្លួន ត្រូវដាក់ឲ្យមានរបៀបតាមផលិតទំនិញ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ចាម បានបន្តថា ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់ បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋយើង។ ទាំងនេះដោយមានការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាន និងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕