(រតនគិរី)៖ អ្នកកាសែតមកពីតាមអង្គភាពមិនសូវឮឈ្មោះ ចំនួន២៧នាក់ ត្រូវបានប្រធានស្តីទីប៉ុស្តិ៍នគរបាល ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគីរី លោក សុខ សំអាន បានបញ្ជាឲ្យកូនចៅហៅទៅសួរនាំ និងធ្វើការអប់រំមួយរយៈខ្លី នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីអ្នកកាសែតទាំងនេះ បាននាំគ្នាទៅថតរូប នៅក្នុងបរិវេណដីប៉ុស្តិ៍របស់គេ ដោយគ្មានការអនុញ្ញាត។
លោក សុខ សំអាន បានថ្លែងប្រាប់អង្គភាព Fresh News ថា «ពួកគេបានមកថតរូបនៅកន្លែងរបស់យើង គ្មានការអនុញ្ញាត ចឹងខ្ញុំបានឲ្យកម្លាំងអញ្ជើញ ពួកគាត់មកសួរនាំ ធ្វើការណែនាំ និងអប់រំ រួចក៏ឲ្យទៅវិញផងដែរ»។
នាយស្តីទីប៉ុស្តិ៍ច្រកទ្វារអន្តរជាតិមួយនេះ បានលើកហេតុផលថា តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ គឺក្នុងជំរៅដីប្រមាណ៥០០ម៉ែត្រ អ្នកគ្មានការអនុញ្ញាត គ្មានភារកិច្ច គឹហាមថត ហាមបើកបរ និងហាមធ្វើអ្វីផ្សេងទៀត ដោយមិនបានយល់ព្រមពីសមត្ថកិច្ច។
យ៉ាងណាក៏ដោយ លោក សុខ សំអាន បានថ្លែងថា ពួកគេទាំងនេះ មិនបានមកសុំទារលុយពីគាត់នោះឡើយ គ្រាន់តែមកថតដោយគ្មានការអនុញ្ញាត ហើយបន្ទាប់ពីធ្វើការណែនាំ និងអប់រំរួចមក ពួកគេសប្បាយរីករាយ និងចូលរួមសហការនៅពេលលើកក្រោយទៀត៕