(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោកស្រី ស៊ុន ឈុនឡាន សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងរណសិរ្ស នៃគណ:កម្មាធិការមជ្ឈិមបក្សកុម្មុនីសចិន លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងថា ដំណើរទេស្សនកិច្ច របស់គណៈប្រតិភូចិននៅពេលនេះ គឺជាការួមចំណែកពង្រឹង នូវចំណងសមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។
លោកស្រី ស៊ុន ឈុនឡាន បានលើកឡើងថា ទោះកាលៈទេសៈណាក៏ដោយបក្សកុម្មុយនីសចិន រដ្ឋាភិបាល និងប្រជាជនចិន គឺប្តេជ្ញា នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ហើយនឹងបន្តផ្តល់ជំនួយដើម្បីស្ថេរភាព នយោបាយនៅកម្ពុជា ដើម្បីធានាការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកស្រី ស៊ុន ឈុនឡាន បានកោតសសើរយ៉ាងខ្លាំង ចំពោះការរីកចំរើនរបស់កម្ពុជា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។ មន្រ្តីជាន់ខ្ពស់នៃប្រទេសទាំង២ បានជួបពិភាក្សាគ្នា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ក្នុងដំណើរបំពេញទស្សនកិច្ច នៅកម្ពុជារបស់លោកស្រី ស៊ុន ឈុនឡាន។
លោកស្រី ម៉ែន សំអន សសើរដល់ប្រទេសចិន ចំពោះការរីកចំរើន និងក្លាយជាមហាអំណាចសេដ្ឋកិច្ច ទី២លើពិភពលោក ហើយការរីកចំរើនរបស់ប្រទេសចិន គឺជាកាលានុវត្តភាពសំរាប់សេដ្ឋកិច្ចសង្គម ដល់ប្រទេសក្នុងតំបន់ និងពិភពលោក។
លោកស្រីឧបនាយករដ្ឋមន្ត្រីបន្តថា សាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា កម្ពុជា-ចិន គឺមានទំនាក់ទំនង ជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយ និងបានភ្ជាប់ទំនាក់ទំនង ជាយូរណាស់មកហើយ និង បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្ត សីហនុ អតីតព្រះមហាវីរៈក្សត្រ ជាមួយថ្នាក់ដឹកនាំ ចិនគ្រប់ជំនាន់ និងបន្តពូនជ្រំមកដល់បច្ចុប្បន្ន។
គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីចិន ជាកំលាំងស្នូលជំរុញដល់រដ្ឋាភិបាល នៃប្រទេសទាំងពី២ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រហូតដល់កំរិតកំពូល គឺជាកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកស្រី ម៉ែន សំអន បានថ្លែងថា «កម្ពុជាជាមិត្តចាស់ ជាមិត្តជិតខាងល្អ ជាបងប្អូនល្អ និងជាដៃគូល្អ។ តាមរយៈគណបក្ស ទាំងពីរ បាននិងកំពុងបង្កើន ទំនាក់ទំនង លើគ្រប់ផ្នែក ដើម្បីនាំមកនូវគុណប្រយោជន៍ ដល់ប្រទេសប្រជាជន និងគណបក្សទាំងពីរ»។
លោកស្រី ម៉ែន សំអន ក៏បានអរគុណដល់ភាគីចិន ដែលបានជួយជាសំភារៈការិយាល័យ ការបណ្តុះបណ្តាលធនធាន មនុស្សជាដើម។ លោកស្រីបញ្ជាក់ជូន មិត្តចិនថា «កម្ពុជានៅតែគាំទ្រគោលនយោបាយចិនតែមួយ ហើយរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាដឹកនាំ នៅតែមានជំហរ គាំទ្រដល់ប្រទេសចិន ក្នុងការដោះស្រាយបញ្ហាសមុទ្រ ចិនខាងត្បូង។ សេដ្ឋកិច្ចកម្ពុជា នៅតែបន្តកើនឡើងក្នុងរង្វង់៧% កម្ពុជានៅតែខិតខំកាត់បន្ថយភាពក្រីក្រក្នុងអត្រាជាង១% ក្នុងមួយឆ្នាំ ក្រោមដំបូលសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍»។
លោកស្រី ថា នយោបាយគណបក្សប្រជាជនកម្ពុជា នៅតែរក្សាបរិយាកាសនយោបាយ ធានាដល់ជីវភាពប្រជាជនកម្ពុជា និង ត្រៀមរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ និងជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ប្រកបដោយភាពត្រឹមត្រូវ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នាពេលខាងមុខ៕