(ភ្នំពេញ)៖ គ្រូពេទ្យកម្ពុជា នឹងត្រូវបញ្ជូនទៅសិក្សា ផ្នែកវិជ្ជសាស្ដ្រ ជំងឺមហារីកដោយប្រើដោយកាំរស្មី នៅប្រទេសបារាំង ក្នុងពេលដ៏ឆាប់ខាងមុខនេះ បន្ទាប់ពីចុះហត្ថលេខា នៃកិច្ចព្រមព្រៀង រវាងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងវិទ្យាស្ថាន Paoli-Calmttes របស់ប្រទេសបារាំង (Instititut Paoli-Calmttes) នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ។
លោក Michel Resbeut ប្រធានផ្នែកខាងព្យាបាលជំងឺមហារី ដោយកាំរស្មី នៃវិទ្យាស្ថាន Paoli-Calmttes បានថ្លែងថា កិច្ចសហប្រតិបត្ដិការ ជាមួយនិងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ក្នុងគោលបំណងចែករំលែកបទពិសោធ ទាំងឡាយទាក់ទង ទៅនឹងផ្នែកវិជ្ជសាស្ដ្រ និងបង្រៀនបំពាក់ឧបករណ៍ទំនើបៗជាច្រើនទៀតទៅជំនាញព្យាបាលជងឺមហារីក ដោយប្រើប្រាស់ ដោយកាំរស្មី និងអញ្ជើញគ្រូពេទ្យនៅកម្ពុជា ទៅបណ្ដុះបណ្ដាលនៅប្រទេសបារាំង ដោយផ្ទាល់ផងដែរ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ។
ព្រមជាមួយគ្នានោះ លោក Patrice Vients ប្រធានអគារព្យាបាលជំងឺមហារីកនៃវិទ្យាស្ថាន Paoli-Calmttes បានឲ្យដឹងផងដែរថា «ក្រោមកិច្ចសហប្រតិបត្ដិការ ដែលមានរយៈពេល៣ឆ្នាំនេះ យើងនឹងឲ្យក្រុមគ្រូពេទ្យកម្ពុជា ទៅសិក្សានៅប្រទេសបារំាង ដោយផ្ទាល់តែម្ដង ហើយយើងនឹងបង្ហាត់បង្រៀននូវជំនាញព្យាបាលជំងឺមហារីក ឲ្យបានកាន់តែច្រើន ជាមួយនឹង ឧបករណ៍ទំនើប ដើម្បីជួយលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ផ្នែកជំងឺមហារីកនៅកម្ពុជា ឲ្យកាន់តែមានល្អ ប្រសើរបន្ថែមទៀត» ។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្ដភាព-ខ្មែរសូវៀត បានថ្លែងថា «យើងមានភាពសប្បាយរីករាយណាស់ ដែលគ្រូពេទ្យនៅមន្ទីរពេទ្យយើង មានឱកាស ទៅបណ្ដុះបណ្ដាលចំណេះជំនាញ ផ្នែកជំងឺមហារីក នៅប្រទេសបារាំង ដែលជាផ្នែកមួយជួយអភិវឌ្ឍវិស័យព្យាបាលជំងឺរបស់មន្ទីរពេទ្យយើង ឲ្យកាន់រីកចម្រើនជឿនលឿនមួយកម្រិតទៀត ស្របជាមួយនឹងមន្ទីរពេទ្យ មានឧបករណ៍គ្រប់គ្រាន់ ក្នុងការព្យាបាលអ្នកជំងឺរបស់យើងស្រាប់»។
លោកបន្ដថា ដូច្នេះ ក្រុមគ្រូពេទ្យយើង និងខិតខំបន្ថែមទៀត ក្នុងការអភិវឌ្ឍចំណេះជំនាញជំងឺមហារីក ដោយប្រើកាំរស្មីនេះនិងជំនាញផ្សេងៗទៀត ដោយមាននូវក្រមសីលធម៌វិជ្ជាជីវៈនោះ នឹងអាចបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរថែមទៀត ។ លោក ក៏បានថ្លែងអំណរគុណដល់ វិទ្យាស្ថាន Paoli-Calmttes របស់ប្រទេសបារាំងផងដែរ ដែលផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញមហារីកនេះ មកដល់គ្រូពេទ្យកម្ពុជា ហើយនេះក៏បានបង្ហាញឲ្យឃើញពីការរីកចម្រើនជឿនលឿន លើគ្រប់វិស័យ របស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន ផងដែរ ៕