(មណ្ឌលគិរី)៖ ដោយសារដំរីស្រុកឈ្មោល១ក្បាល នៅមណ្ឌលគិរី មានភាពកាចសាហាវពេក រហូតដល់ សម្លាប់មនុស្សឱ្យស្លាប់ម្នាក់ ហើយបន្តគំរាមកំហែងកំទេចផ្ទះសម្បែងប្រជាពលរដ្ឋឱ្យខូចខាតចំនួន៦ខ្នង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការមួយគ្រឿងទៀត កាលពីយប់មិញនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ បានបញ្ជាឱយសមត្ថកិច្ចបាញ់ដំរីឱ្យរងរបួស ដើម្បីទប់ស្កាត់បញ្ហាកើតមានបន្តទៀត។
សូមបញ្ជាក់ថា ហ្មដំរីម្នាក់បានស្លាប់ បន្ទាប់ពីដំរីរបស់ខ្លួនចុះប្រេង ដេញវ័ធ និងជាន់ទាំងកម្រោល នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចអូរមីស សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ បន្ទាប់ពីដេញវ័ធ និងជាន់ហ្មដំរីនោះហើយ សត្វដំរីមួយក្បាលនេះ មិនបានរត់ទៅណា គឺនៅយាមសពជនរងគ្រោះ លុះមានអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ច ទើបដំរីនេះបានរត់ចេញពីម្ចាស់របស់វា។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធ ចុះជួយអន្តរាគមន៍រឿងនេះ ដោយខ្លាចសត្វដំរីខាងលើ រត់ទៅវ័ធប្រជាពលរដ្ឋផ្សេងទៀត។ បើតាមសមត្ថកិច្ច ជនរងគ្រោះឈ្មោះ ជើង ទៀម អាយុ៤៥ឆ្នាំ ជនជាតិព្នងជាម្ចាស់ហ្មដំរី ទីលំនៅបច្ចុប្បន្នភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ហើយដំរីដែលជាន់មនុស្សស្លាប់នោះឈ្មោះ តក។ គិតត្រឹមព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ ដំរីកាចសាហាវមួយក្បាលនេះកំពុងរងរបួស៕