(ភ្នំពេញ)៖ បន្ទាប់ពីបើកប្រជុំពេញអង្គបានមួយរយៈពេលខ្លី នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ រដ្ឋសភា បានប្រកាសគាំទ្រជាផ្លូវការ លោក ជា វណ្ណដេត ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវជំនួសម្តេចវិបុលបញ្ញា សុខ អាន ហើយ។
លោក ជា វណ្ណដេត តំណាងរាស្រ្តបំរុងនៅមណ្ឌលខេត្តតាកែវ និងប្រធានក្រុមការងារថ្នាក់ជាតិរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបាទី ត្រូវបានគណបក្សស្នើ គ.ជ.ប និងរដ្ឋសភា ដើម្បីជំនួសតំណែងតំណាងរាស្រ្តរបស់សម្តេច សុខ អាន ដែលទទួលមរណភាពកាលពីខែមុន។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ រដ្ឋសភា បានបើកសម័យប្រជុំលើកទី៨ នីតិកាលទី៥របស់ខ្លួន ដោយមានសមាជិក រដ្ឋសភាចូលរួម៩៩រូប។ កិច្ចប្រជុំនេះ មានការចូលរួមដោយតំណាងរាស្រ្តគណបក្សទាំងពីរ ដោយរបៀបវារៈចំនួន៤នោះ រួមមាន៖
១៖ ព្រះរាជសារព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។
២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៥។
៣៖ ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញត្តិ។
៤៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរាជរដ្ឋាភិបាល នៃប្រទេសសមាជិកសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ៕