(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅថ្ងៃសុក្រនេះ បានច្រានចោលការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រឆាំង ដែលស្នើឱ្យក្រសួងមហាផ្ទៃផ្តល់យោបល់ឱ្យខ្លួនអំពីការធ្វើយ៉ាងណាទើបត្រូវចិត្ត ហើយមិនខុសចំពោះលក្ខន្តិកៈតទៅទៀត។ លោក ខៀវ សុភ័គ បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា ក្រសួងមហាផ្ទៃ មិនមានភារកិច្ចក្នុងការផ្តល់យោបល់ឱ្យគណបក្សណាមួយ ធ្វើបែបណានោះទេ ប៉ុន្តែមានតួនាទីពិនិត្យថា តើគណបក្សណាអនុវត្តខុស និងត្រូវតែប៉ុណ្ណោះ។
លោក ខៀវ សុភ័គ បានបញ្ជាក់បែបនេះថា៖ «ក្រសួងមហាផ្ទៃមិនមានតួនាទី និងភារកិច្ចដើម្បីណែនាំឱ្យគណបក្សណាធ្វើអញ្ចេះធ្វើអញ្ចុះទេ ព្រោះច្បាប់មិនបានកំណត់ឱ្យយើងធ្វើអញ្ចឹងទេ ប៉ុន្តែក្នុងនាមជាអាណាព្យាបាលរបស់គណបក្សទាំងអស់ ក្រសួងមហាផ្ទៃមានភារកិច្ច ដើម្បីពិនិត្យមើលថាតើ គណបក្សហ្នឹងថាយ៉ាងម៉េច ហើយធ្វើយ៉ាងម៉េច?»។
អ្នកនាំពាក្យគណបក្សប្រឆាំង និងមន្រ្តីជាន់ខ្ពស់បក្សនេះមួយចំនួន បានសម្តែងការប្រតិកម្មនឹងក្រសួងមហាផ្ទៃដែលទទួលស្គាល់ តែ លោក កឹម សុខា ជាប្រធានគណបក្ស ប៉ុន្តែមិនទទួលស្គាល់អនុប្រធានទាំង៣នាក់។ លោក យឹម សុវណ្ណ និងលោក អេង ឆៃអ៊ាង បានអះអាង ថា គណបក្សប្រឆាំងចង់សួរត្រង់ថា តើធ្វើដូចម្តេចទើបត្រឹមត្រូវ? ខុសត្រង់ចំណុចណា? លោកស្នើឱ្យក្រសួងមហាផ្ទៃបញ្ជាក់ឱ្យច្បាស់។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា បើផ្អែកតាមប្រកា៤៧ថ្មី ដែលក្រសួងមហាផ្ទៃបទើបទទួលស្គាល់នោះ គឺការជ្រើសអនុប្រធានរបស់បក្សប្រឆាំង ត្រូវធ្វើនៅអំឡុងពេល៣០ថ្ងៃ ចាប់ពីពេលប្រធានលាលែងពីតំណែង។ លោកថ្លែងថា៖ «ការជ្រើសរើសអនុប្រធាននេះ ត្រូវធ្វើឡើងអំឡុងពេល៣០ថ្ងៃ ក្រោយប្រធានគាត់លាលែង។ លោក សម រង្ស៊ី លាលែងថ្ងៃទី១១ កុម្ភៈ ប៉ុន្តែរហូតដល់ពេលជ្រើសរើស គឺជ្រើសរើសថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ដែលហួសពី៣០ថ្ងៃ»។
លោកបានបន្ថែមថា ប៉ុន្តែបើគណបក្សប្រឆាំងប្រកែកថា គាត់បានជ្រើសរើសនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នោះ ក៏រឹតតែខុសទៅទៀត ព្រោះពេលនោះប្រការ៤៧ថ្មី របស់លក្ខន្តិកៈគណបក្សប្រឆាំង មិនទាន់ទទួលស្គាល់នៅឡើយទេ ដែលទាមទារឱ្យអនុវត្តប្រការ៤៧ចាស់។
បើតាមប្រការ៤៧ចាស់ នៃលក្ខន្តិកៈរបស់គណបក្សប្រឆាំង បានចែងថា ក្នុងករណីដែលប្រធានលាលែងពីតំណែង នៅក្នុងអាណត្តិតិចជាង១៨ខែ អនុប្រធានម្នាក់ ត្រូវឡើងជាប្រធានស្តីទីរហូតដល់ចប់អាណត្តិ ហើយគណៈកម្មាធិការនាយកត្រូវជ្រើសរើសសមាជិករបស់ខ្លួនម្នាក់ ឱ្យធ្វើជាអនុប្រធានដើម្បីជួយសម្រួលដល់ កិច្ចការងារប្រធានស្តីទីរហូតដល់ចប់អាណត្តិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានទទួលស្គាល់ជាផ្លូវការចំពោះ លោក កឹម សុខា ថាជាប្រធានគណបក្សសង្រ្គោះជាតិ និងព្រមទទួលស្គាល់ចំពោះការដកពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ប៉ុន្តែទោះជាយ៉ាងណា ក្រសួងមហាផ្ទៃមិនទទួលស្គាល់ ចំពោះតំណែងអនុប្រធានទាំង៣រូប របស់គណបក្សប្រឆាំងនោះទេ។
ការចេញលិខិតរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងបន្ទាប់ពី គណបក្សសង្រ្គោះជាតិ បានជូនដំណឹងដល់ខ្លួន អំពីការសម្រេចរក្សាក្បាលម៉ាស៊ីនថ្មី របស់ខ្លួនឱ្យនៅដដែល ប៉ុន្តែបានសម្រេចលុបចោលសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» បន្ទាប់ពីបើកកិច្ចប្រជុំ គណៈកម្មាធិការនាយកនាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧៕