(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងមហាផ្ទៃ ដែលអាណាព្យាបាលនៃគណបក្សនយោបាយនៅកម្ពុជា បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា គណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា បានដើរខុសក្បួនតម្រា ដោយទទួលស្គាល់ប្រធានស្របច្បាប់ ប៉ុន្តែអនុប្រធានគឺក្លែងក្លាយទាំង៣តែម្តង។ ក្រោយពីប្រកាសរបស់រាជការហើយ ក៏មានមន្រ្តីជាន់ខ្ពស់នៃគណបក្សនេះ និងក៏មានតួនាទីអនុប្រធានក្លែងក្លាយផងដែរនោះ បានស្រែកថា បើទោះបីខំប្រឹងធ្វើយ៉ាងណា ក៏មិនត្រូវចិត្តរបស់ក្រសួងមហាផ្ទៃដែរ។ ដូច្នេះក៏ស្នើសុំឲ្យក្រសួងមហាផ្ទៃឲ្យយោបល់តែម្តងមក ថាតើត្រូវធ្វើដូចម្តេច ទើបត្រូវ។ ដើម្បីចង់ដឹងច្បាស់ថា តើគណបក្សសង្រ្គោះជាតិ សរសេរ និងបន្ថែមអ្វីខ្លះនៅក្នុងប្រការ៤៧ថ្មី នៃលក្ខន្តិកៈ ? សូមអានលិខិតបក្សីចាំក្រុងដូចខាងក្រោម៖

១៖ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ រាជការបានឆ្លើយ តបទៅបក្សព្រះអាទិត្យដោយបញ្ជាក់ថា ទទួលស្គាល់ កឹម សុខា ជាប្រធានបក្សព្រះអាទិត្យ ប៉ុន្តែមិនទទួលស្គាល់អនុប្រធានទាំង៣ រូបដែលជ្រើសតាំងដោយគណៈនាយករបស់បក្សព្រះអាទិត្យទេ។ តើហេតុអីទៅ? អ្នកវិភាគខ្លះនិយាយទាំងបិទភ្នែកថា ជារឿងនយោបាយ ចោទថាជាការយាយីធ្វើបាបដល់បក្សព្រះអាទិត្យ ហើយអាចមានចេតនាបំបែកបំបាក់ ក្បាលម៉ាស៊ីន បក្សព្រះអាទិត្យទៀត។ ម្យ៉ាងផស់គេ ព្រោះគេហៅថា សុទ្ធតែបណ្ឌិត ឬអ្នកវិភាគនយោបាយ ទៅហើយ ហើយក៏មិនជឿថាបណ្ឌិត និងអ្នកវិភាគទាំងនោះមិនចេះអក្សរ ឬមិនចេះអានប្រការ៤៧ថ្មី នៃលក្ខន្តិកៈបក្សព្រះអាទិត្យដែរ។ ប៉ុន្តែនៅពេលអានប្រការ ៤៧ថ្មី ទើបដឹង ទើបយល់ថា បក្សព្រះអាទិត្យបែបបែកស្លុយទេមើលទៅ ព្រោះសរសេរក្នុងលក្ខន្តិកៈផ្សេង ដល់អនុវត្តផ្សឹង ទៅឯណាឯណីនោះវិញ! អាចលក្ខន្តិកៈ ពួកអ្នកប្រាជ្ញច្រមុះស្រួចសរសេរឲ្យដល់ពេលអនុវត្ត គឺអ្នកមិនប្រាជ្ញ ហើយច្រមុះមិនស្រួច ទើបបានជាបែកស្លុយយ៉ាងនេះ!

២៖ បក្សព្រះអាទិត្យសរសេរក្នុងប្រការ៤៧ថ្មី នៃលក្ខន្តិកៈថា នៅពេលប្រធានបក្សលាលែង គឺអនុប្រធានបក្សឡើងធ្វើប្រធានបក្សជាស្វ័យប្រវត្តិ។ ដូចនេះ កឹម សុខា ដែលពីមុនជាអនុប្រធានបក្ស ក្រោយលោក សម រង្ស៊ី លាលែងពីប្រធានបក្ស ត្រូវឡើងធ្វើប្រធានបក្សជំនួសលោក សម រង្ស៊ី រហូតដល់ចប់អាណត្តិ។ តើត្រូវ ឬមិនត្រូវ បើប្រការ៤៧ថ្មី របស់បក្សនេះ សរសេរមកយ៉ាងនេះ។

៣៖ បក្សព្រះអាទិត្យសរសេរក្នុងប្រការ ៤៧ថ្មី នៃលក្ខន្តិកៈទៀតថា បើគ្មានអនុប្រធានគណបក្ស គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធាន គណបក្សថ្មីយ៉ាងតិចមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០%+១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្សរហូតដល់ចប់អាណត្តិ។ លោក សម រង្ស៊ី លាលែងពី ប្រធានបក្សព្រះអាទិត្យថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយគណៈនាយករបស់បក្សព្រះអាទិត្យ ជ្រើសរើសលោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ថ្ងៃទី០២ ខែមេសា មានន័យថា ការជ្រើសរើសនេះ ធ្វើឡើង៥០ថ្ងៃ ក្រោយលោក សម រង្ស៊ី លាលែងពីប្រធានបក្ស មានន័យថាលើស៣០ថ្ងៃហើយ។ ចុះបើបក្សព្រះអាទិត្យសរសេរក្នុងប្រការ៤៧ថ្មី នៃលក្ខន្តិកៈយ៉ាងដូច្នេះ ចុះហេតុបានជាធ្វើផ្សេងទៅវិញ! សរសេរផ្សេង ធ្វើផ្សឹង! ខ្លួនឯងជាអ្នកបង្កើត ច្បាប់សម្រាប់ខ្លួនឯង ហើយខ្លួនឯងជាអ្នកអនុវត្តច្បាប់របស់ខ្លួនឯងខុសដោយខ្លួនឯង តើអោយទៅបន្ទោសអ្នកណា !

៤៖ រាជការមានតួនាទីក្នុងការត្រួតពិនិត្យមើលថា តើការជ្រើសរើសប្រធាន និងអនុប្រធានបក្ស ស្របទៅនឹងលក្ខន្តិកៈដែលបក្សនោះបានសរសេរ និងបានយកទៅតម្កល់ទុកនៅរាជការដែរ ឬទេ? នេះជាច្បាប់រាជការ ! កន្លែងខុស រាជការថាខុស កន្លែងត្រូវ រាជការថាត្រូវ ! ថ្ងៃមុន អ្នកកាសែតដ៏មហិមារបស់អាស៊ីសេរី ដែលល្បីថាបានរៀនចប់សាលា វិទ្យាសាស្រ្តនយោបាយ បែរធ្វើជាបែកស្លុយ ធ្វើជាមិនដឹងខ្យល់សួរបែបបំភ្លៃ បែបបំភាន់រឿងលក្ខន្តិកៈនេះ ដោយប្រៀបធៀបរឿងតម្កល់លក្ខន្តិកៈ តាមច្បាប់រាជការនេះ ទៅជារឿងកិច្ចសន្យាប្តីប្រពន្ធឯណាឯណោះឆ្កុយវិញ។ លក្ខន្តិកៈបក្សនយោបាយ គឺច្បាប់រាជការតាំងពីដូនតាមក តម្រូវឲ្យតម្កល់នៅរាជការដើម្បីផ្ទៀងផ្ទាត់ត្រួតពិនិត្យក្រែងមានបក្សទំនើង បែកស្លុយខុសក្បួនតម្រា។ ឯរឿងប្តីប្រពន្ធអត់មានច្បាប់រាជការណា តម្រូវឲ្យយកទៅតម្កល់ដូចករណីដូចនេះទេ តែបើកុំចង់អោយបែកស្លុយ ម៉ិចមិនប្រៀបធៀបជាមួយរឿងក្រុមហ៊ុនដែលរាជការ តម្រូវឲ្យតម្កល់លក្ខន្តិកៈនៅរាជការដែរ !

៥៖ អ្នកវិភាគបែកស្លុយខ្លះថា រាជការលូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បក្សព្រះអាទិត្យ។ អាចដែរ ! តែខំប្រឹងរកមើលដែរថាតើលូកលាន់ ដូចម្តេច? ជ្រៀតជ្រែកយ៉ាងម៉េច? ដល់យកប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈបក្សព្រះអាទិត្យមកមើល ឃើញតែរឿងបក្សនេះបែកស្លុយដោយខ្លួនឯង ទាំងអស់ សរសេរច្បាប់ដោយខ្លួនឯង អនុវត្តច្បាប់ខ្លួនឯងខុសដោយខ្លួនឯង! ដល់ពេលខុសទៅ មិនហ៊ានសារភាពថាខ្លួនឯងខុសទេ ខ្លាចខ្មាសគេ ព្រោះខុសម្តងហើយម្តងទៀត ហើយសុំអោយរាជការបង្ហាញផ្លូវថា ធ្វើម៉េចមិនឲ្យខុសទៅនឹងច្បាប់ដែលបក្សព្រះអាទិត្យជាអ្នកសរសេរដោយ ខ្លួនឯងទៅវិញ។ ធ្វើដូចកូនក្មេងដែលទើបរៀនថ្នាក់ទី១ ដែលមិនយល់អ្វីដែលខ្លួនឯងសរសេរ! ដល់ខុសម្តងហើយម្តងទៀត ខុសជាន់លើខុស វ៉ល់ពេញក្នុងបន្ទាយ វ៉ល់ពេញពិភពនយោបាយ! ដល់ចឹងទៅ ទាំងអ្នកនយោបាយបក្សព្រះអាទិត្យ ទាំងអ្នកវិភាគមិនគ្រប់គ្រឿង នាំគ្នានិយាយបែបបែកស្លុយគ្រប់គ្នា! បក្សីចាំក្រុងមានយោបល់តូចមួយ៖ «បើមិនសូវចេះ កុំធ្វើខ្លួនជាអ្នកចេះ។ បើមិនសូវយល់ កុំសរសេរអោយហួសសមត្ថភាព សរសេរអោយសាមញ្ញ ត្រឹមកម្រិតសមត្ថភាពដែលខ្លួនអាចយល់ដោយស្រួលស្រួល»។ បើមិនចេះរាំទេ សូមប្រាប់ថា គេរាំអញ្ចេះ តាមលំនាំបទ «រាំអញ្ចេក» របស់តារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ដែលកំពុងនិយមនារដូវសង្រ្កាន្តឆ្នាំថ្មីនេះ។

ស្រុកមេមត់៖ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៧
បក្សីចាំក្រុង