(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសថា ដើម្បីសម្រេចគោលដៅ នៅឆ្នាំ២០២០ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៧លាននាក់បាន កម្ពុជាខ្លួនឯងត្រូវរៀបចំយុទ្ធសាស្ត្រ និងប្រឹងប្រែងធ្វើការងារពាក់ព័ន្ធនានា ដើម្បីទាញយកកំណើនឲ្យបាន ១០% ក្នុងមួយឆ្នាំ ចាប់ពីពេលនេះទៅ។
ក្នុងសន្និបាតនៅក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «បើចង់ឲ្យបានភ្ញៀវអន្តរជាតិ ៧លាននាក់ នៅ២០២០ យើងត្រូវដាក់យុទ្ធសាស្ត្រចេញឲ្យបានច្បាស់លាស់ និងត្រូវធ្វើឲ្យបានក្នុងកំណើន ១០% ក្នុងមួយឆ្នាំ»។
លោកបន្តថា ផ្ដើមចេញពីបញ្ហានេះហើយ ទើបតម្រូវឲ្យមានការសហការគ្នា ធ្វើការងារពាក់ព័ន្ធ ឲ្យបានគ្រប់ជ្រុងជ្រោយ តួយ៉ាងដូចជាការប្រជុំបូកសរុបសន្និបាត នាថ្ងៃនេះជាដើម គឺដើម្បីជជែកគ្នាដាក់ទិសដៅការងារអនុវត្តបន្ត នៅត្រីមាសទី២ ឆ្នាំ២០១៧។
សូមជម្រាបថា ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥លាននាក់ កើនឡើង៥% ហើយនៅ២ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១,០២៥,៥២១នាក់ កើន១២,១%។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់៕